Pages


Education is both a tool of social justice as well as a fundamental driver of economic development.

Friday, March 7, 2014

បរិយាកាសសង្គម​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍន៍ជាតិរបស់​យុវជន

យុវជន​​គឺ​ជា​ធនធានស្នូល​នៅក្នុង​ការ​កំណត់​អនាគត់​របស់ ​សង្គម​ជាតិ។ មិន​ថា​ជាតិសាសន៍​​ណាក៏​ដោយ ការ​អភិវឌ្ឍ​សង្គមជាតិ គឺ់ជាតួនាទីរបស់​​អ្នកដឹកនាំ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះយុវជន​​គឺជា​ធនធាន​មួយមិនអាច​ខ្វះបាន។ តួនាទីរបស់អ្នក​ដឹកនាំ​ប្រទេស​ ក៏ត្រូវ​ផលិតនូវធនធាន​យុវជន​ដែលប្រកបដោយ​គុណភាព​ខ្ពស់ (មានគំរិតអប់រំ​​ខ្ពស់ សមត្ថភាពខ្ពស់ ភាពឈ្លាសវៃ ហើយ​ប្រកប​ដោយ​សីលធម៌​ឧត្ដមគតិ សេ្នហា និង​ ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រកដ​) ។​ ប៉ុន្តែបើ​សង្កេត​ទៅមើលស្ថានភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​ប្រកប​ដោយភាពអនាធិបតេយ្យ​ (មិនមែន​ប្រជាធិបតេយ្យទេ) ភាពមិនច្បាស់លាស់​របស់​ថ្នាក់​ដឹកនាំ បរិយាកាសអប់រំ មិនប្រក្រតី អំពើពុករលួយ ជាពិសេសការលាបពណ៌ពីសទៅ​ខ្មៅ ពីខ្មៅទៅស ភាពគ្មាន​​ទំនួលខុសត្រូវ។ បញ្ហា​ទាំងនេះ​បាន​កំពុង​​ដឹកនាំ​មាគ៌ាប្រទេសនេះ​​​ឲ្យឈាន​ទៅរក​ការអភិវឌ្ឍ​ មួយ​ប្រកបដោយភាពមិនច្បាស់លាស់​ មិនថាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍន៍​ធនធានមនុស្សផងដែរ។ ដោយ​ស្ថានភាព​បែបនេះ​​ហើយ ទើបធ្វើ​​ឲ្យធនធាន​យុវជន​មួយចំនួនធំ​មិនមែន​​ ជាធនធានដែលចូលរួមអភិវឌ្ឍន៍ជាតិពិត​ប្រាកដ តែផ្ទុយទៅវិញ​ជាធនធាន​ដែលចូលរួម​​បំផ្លាញជាតិ។
តាមរយះការសង្កេត​ តាមដានពីបរិយាកាសសង្គមកម្ពុជា​ខ្ញុំ​អាច​ធ្វើការ​សង្ខេប​ជា​បួន​សណ្ឋាន​សំខាន់ៗដូចខាងក្រោម៖
១. បរិយាកាស​សង្គមដែល “ភ្នែកភ្លឺ តែ​មើលមិនឃើញអ្វីដែលជា​ការពិត” ។ ដោយសារ​សង្គមមួយ​​ប្រកប​ដោយ​ភាពអនាធិបតេយ្យ ការលាបពណ៌បិទបាំង​នូវការ​ពិត ភាពគ្មានទំនួល​ខុស​ត្រូវ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូច​ជាយុវជន​​មួយ​ចំនួនធំដែលមិន​បាន​រិះគិត​ពិចារណា និង ស្វែងយល់ពីការពិត ធ្លាក់ទៅក្នុងរណ្ដៅ​មួយដែល​ងាយ​ស្រួលឆបោក និង​គេងប្រវ័ញ្ច​យក​ចំណេញ​សំរាប់​បក្សពួក​ ​ក្រុមគ្រួសារ អ្នក​ដែលមានលុយ​ មានអំណាច។
២. បរិយាកាស​សង្គមដែល “ត្រចៀក​ស្ដាប់លឺតែស្ដាប់មិន​លឺនូវអ្វីដែលជាការពិត“។ បញ្ហានេះគឺ​កំពុង​ស្ថិតនៅ​ក្នុង​កំរិត​​មួយ​ដែល​ធ្ងន់ធ្ងរ​ក្នុង​​ សង្គមខ្មែរ​បច្ចុប្បន្ន។ ជាក់ស្ដែង​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួនធំ បាន​កំពុងចូលរួម​យ៉ាងសកម្ម​​ក្នុងការ​ផ្សព្វផ្សាយ​ពត៌មានមិនពិត ពត៌មាន​ដែលមិនឆ្លុះ​បញ្ចាំងពីតត្តភាព​ជាក់ស្ដែងរបស់សង្គម មិន​ឆ្លុះបញ្ចាំងពីភាពក្រីក្រ មិនឆ្លុះបញ្ចាំងពីទុក្ខ​លំបាក​របស់​រាស្រ្ដ ។ មិន​តែប៉ុណ្ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​បាននឹងកំពុងផ្សព្វផ្សាយពីភាព ​សប្បាយរីករាយ ពី​ការ​ភ្លើត​ភ្លើន ដែលធ្វើឲ្យយុវវ័យ​ឆ្លក់​វង្វេង និង​ភ្លេចគិត​ពី​ការចូលរួមកែប្រែសង្គមជាតិ​​ឲ្យបានល្អប្រសើរ ។ ​បញ្ហានេះ​ហើយ​​ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ស្ដាប់​មិនបានទទួល​ មិន​បាន​ស្ដាប់​លឺពត៌មានពិត ព្រោះអ្នក​ដែល​ផ្ដល់ពត៌មាន គ្មានមនសិការ​ក្នុងការ​បង្ហាញ​ចំនុចមិនល្អ​របស់ខ្លួន ដើម្បីកែលំអរទាំងអស់គ្នា។
៣. បរិកាស​សង្គម​ដែល “មាត់និយាយបាន តែមិនអាចនិយាយនូវអ្វីដែលជាការពិត“។ ការបញ្ចេញ​មតិយោបល់​ ដែល​ឆ្លុះ​បញ្ចាំង​ពីបញ្ហាសង្គម ពីតំរូវការ​របស់​ប្រជាពលរដ្ឋ គឺជាតំរូវការ​​ចាំបាច់ និង​អាចនិយាយ​បាន​ដោយ​សេរី ក្នុង​សង្គមមួយដែល​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រកដ ។​ តែផ្ទុយ​ទៅវិញ​ នៅ​ក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន បានរិតត្បិត គំរាមកំហែង និង​វាយ​ប្រហារ​ដល់ជនណា​​ដែល​ហ៊ាន​និយាយ​ការពិត ឬក៏តស៊ូ​មតិ​​ដើម្បី​ស្វែងរក​ការពិត​ ត្រឹម​ត្រូវ ។ ជាក់ស្ដែង​ដូច​ជា​អ្នកកាសែត អ្នកតស៊ូមតិ ប្រឆាំងតវារកការពិត​យុត្តិធម៌ សំរាប់តំបន់បឹងកក់ បុរីកីឡាជាដើម ត្រូវបាន​គំរាម​គំហែង​ វាយធ្វើបាប និងចាប់យកទៅដាក់គុក​ដោយ​អយុត្តិធម៌។
៤. បរិយាកាស​សង្គមដែល​ “មានគំនិត តែគ្មានឱកាស​ប្រើប្រាស់គំនិត“។ ដោយ​ប្រកាន់​យកនូវ​របប​បក្សពួកនិយម ​របប​អំពើពុករលួយ បានធ្វើឲ្យឱកាស​នៃការចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេសគឺ​យុវជន​មានភាព​មិន​ស្មើគ្នា។ កត្តានេះបាន​​ធ្វើ​ឲ្យ​បាត់បង់ ធនធាន​យុវជន​​ដែលមាន​គុណភាពពិត​ប្រាកដក្នុងការ​​ចូលរួម​​កែប្រែសង្គម​ជាតិ​ ឲ្យបាន​ល្អប្រសើរ។ នៅបណ្ដា​ប្រទេស​អភិវឌ្ឍន៍ ក៏ដូច​ជាប្រទេសកំពុង​អភិវឌ្ឍន៍​ជាច្រើន គឺ​គេ​ត្រូវការយុវជន ដែលមានគុណភាពពិត​ប្រាកដ មាន​គំនិតច្នៃប្រឌិត និងឈ្លាសវៃ ក្នុងការ​ចូលរួម​យ៉ាងសកម្មបំរើដល់​សេចក្ដី​ត្រូវការ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទូទៅ​ ។
តាមរយៈការបកស្រាយ​ដោយ​សង្ខេប​ខាងលើ ខ្ញុំបាទក្នុងនាម​ជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយ​រូប គ្រាន់តែចង់ចូលរួម​ចែករំលែក និងបង្ហាញពី​តត្តភាព​សង្គមកម្ពុជា​បច្ចុប្បន្ន។ ​បញ្ហាទាំង​នេះ គឺ​ជា​រនាំង​ដ៏ចំបង​មួយ​ដល់​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ស្ថាបនា​ជាតិ។ ការសន្និដ្ឋានទាំងនេះ គឺបាន​មក​តាមរយៈការ​​សង្កេត​តាមដាន​ និង​ស្វែងយល់​ការពិត មួយរយៈកន្លង​មកនេះ។ ដូច្នេះ​ ក្នុង​នាមយើង​ជា​ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលជា​ធនធានស្នូល​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ យើង​ត្រូវ​តែចូល​រួម​លុប​បំបាត់បរិយាកាស​សង្គមដ៏​អាក្រក់ដូចដែលរៀបរាប់​ខាង​ លើ ឲ្យសាប​សូន្យ​ពី​សង្គម​ជាតិ​យើង។ ដើម្បីលុបបំបាត់បញ្ហាទាំង​នេះបាន​ មាន​កិច្ចការ​មួយចំនួនដែល​យើងត្រូវធ្វើរួមគ្នា​ ដូចជា៖ ដំបូងយើង​ត្រូវ​តែចាប់ផ្ដើមផ្លាស់ប្ដូរ​ផ្នត់​គំនិត​​របស់​យើង​ផ្ទាល់​ (ផ្លាស់ប្ដូរពីអាត្មានិយម បក្សពួក ក្រុមគ្រួសារ​និយម ទៅជាជាតិ​និយម) ​ហើយ​ត្រូវ​តែពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះ​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ​។ បន្ទាប់​មក​ត្រូវ​តែ​ចែករំលែក និងផ្ដល់ពត៌មាន​ពិត​ ដល់បងប្អូន សាច់ញាតិ ក្រុម​គ្រួសារ មិត្តភក្ដិទាំងឡាយ​ ដើម្បីឲ្យពួកគាត់​ស្វែងយល់​ និង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ទៅរកភាព​ល្អប្រសើរ​ដូចយើង​ដែរ។ ការងារ​មួយ​ទៀត​ គឺ​ត្រូវតែមានសាមគ្គីភាព អំនត់​តស៊ូ និង​មិនអស់សង្ឃឹមក្នុង​ការ​ស្វែង​រក​ការពិត យុត្តិធម៌​ជូន​សង្គម​ជាតិ។ កិច្ចការបន្ទាប់នោះគឺ មនសិការ និង​ការឲ្យតំលៃខ្ពស់​ចំពោះគ្នា​ទៅវិញ​ទៅមក និងរើសយក​​អ្នក​ដឹក​នាំដែល​ប្រកប​ដោយសមត្ថភាព ឧត្ដមគតិ ​គុណធម៌ សីលធម៌ និង​​​​ឆន្ទៈស្នេហាជាតិ​ពិត​​ប្រាកដ។
នៅពេល​ដែលយើងអាច​លុប​បំបាត់បរិយាកាសដ៏​អាក្រក់​​​ នៅក្នុង​សង្គម​ជាតិ​យើងបាន​ នោះយើង​នឹង​អាច​ចូលរួម​​ធ្វើ​ការ​សំរេចចិត្តទាំងអស់គ្នា ដើម្បី​កែប្រែមុខ​មាត់​ជាតិឲ្យមាន​ការរីកចំរើនពិតប្រាកដលើ​គ្រប់វិស័យ មាន​សេចក្ដី​សុខ​សន្តិភាព សេរីភាព និងប្រកប​ដោយលទ្ធិ​ប្រជាធិបតេយ្យ​ពិ​តប្រាកដ។

Saturday, February 2, 2013

វិធានការខ្លះៗដើម្បី​ដោះស្រាយ​បញ្ហា​និកម្មភាព

មធ្យោបាយក្នុងការស្រាយបញ្ហាដែលកើតឡើង អាស្រ័យទៅលើផែនការយុទ្ធសាស្រ្ត និង ការអនុវត្តន៍​ជាក់ស្ដែង​ឲ្យ​បាន​ពិតប្រាកដ​លើផែនការដែលបានកំណត់ឡើង។ ​នៅពេលដែលមានបញ្ហានិកម្មភាព​កើតឡើងខ្ពស់​ វាបានបង្ក​នូវ​ផល​អវិជ្ជមាន​ជា ច្រើន​​ដល់​​សេដ្ឋកិច្ច ហើយក៏ជា​ឧបសគ្គមួយសំខាន់ទៅលើមាគ៌ាអភិវឌ្ឍន៍ជាតិ។ ដូច្នេះ​យើង​​ទាំងអស់​​គ្នា​ ជាពិសេស​រដ្ឋាភិបាល​​ត្រូវតែ​យក​ចិត្តទុកដាក់ និង រកគ្រប់មធ្យោបាយ​​ដើម្បីដោះស្រាយ ព្រោះ​ពេល​ទទួល​ជោគជ័យ​ក្នុងដំណោះស្រាយ​ នោះ​វានាំ​ឲ្យ​​សង្គមជាតិ​ទទួល​បាន​នូវភាពរុងរឿង។ ខាងក្រោមនេះ​ជាម​ធ្យោបាយ​​​មួយចំនួន ក្នុង​ការរួម​ចំនែក​កាត់បន្ថយអត្រានិកម្មភាព៖

1.បង្កើតការងារ និង ស្វែងរក រឺ បង្កើនទីផ្សារសំរាប់ផលិតផល(Creating job and find or Improvement of product market )

A.បង្កើតការងារ

ការបង្កើតការងារឲ្យប្រជាជននេះ ជាកត្តាសំខាន់ណាស់ ដើម្បីឲ្យបានពីនិកម្មភាព។ ហើយការបង្កើតការងារ​នេះ​ដោយ​យោង​លើកត្តា​ការងារ​មួយ​ចំនួនដូចជា៖

-->ពង្រឹងបង្កើនការងារពីវិស័យកសិកម្ម ​​​ដូចយើង​បាន​ដឹងហើយប្រជាពលរដ្ឋដែល​ស្ថិតនូវ​ក្នុងសកម្មភាព​សេដ្ឋកិច្ច​ភាគច្រើន​ជាអ្នក​ធ្វើការខាង​វិស័យ​កសិកម្ម ដូច្នេះ​ដែរ​រដ្ឋាភិបាល​ត្រូវតែធ្វើឲ្យប្រសើឡើងក្នុង​វិស័យនេះ ដូចជាការកែលំអរបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានគ្រប់គ្រាន់ ដែលអាចប្រើប្រាស់ បាន​គ្រប់​រដូវ​កាល​​ធ្វើស្រែចំការ។ ស្របពេល​ជាមួយគ្នា​នេះ​ដែររដ្ឋាភិបាលត្រូវ​មានវិធានការផ្សព្វផ្សាយអប់រំបណ្ដុះបណ្ដាល និង ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស ខាងផ្នែកកសិកម្ម ឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្រើន ដើម្បីទទួលបាននូវទិន្នផលខ្ពស់ ហើយ​ធ្វើឲ្យមាន​ការ​ប្រសើរ​ឡើង​ជាលក្ខណះ​ប្រពលវប្បកម្ម។ ម្យ៉ាងវិញទៀតរដ្ឋត្រូវចូលរួមកែលំអរផលិតផលកសិកម្ម ដើម្បីឲ្យស្របតាមស្តង់ដាអន្តជាតិ ហើយ ជំរុញ​និង​ធ្វើឲ្យមាន​ស្ថេរភាព កំនើន ដែល មានមូលដ្ឋានធំទូលាយចំពោះផលិតផលកសិកម្ម តាមរយះ​ការអភិវឌ្ឍន៍​ប្រកប​ដោយចិរភាព​នូវផលិតផល​ដែលមានតំលៃខ្ពស់។មិនតែប៉ុននោះរដ្ឋត្រូវតែជួយរឺផ្តល់ជំនួយ ដោយផ្ទាល់ដល់ប្រជាកសិករ​ក្រីក្រ​សំរាប់​ការបង្កើន​ផលិត​កម្ម​​ដំណាំ​ដែល​ពួកគាត់បានជ្រើសរើសយក ដែលការធ្វើរបរនេះធ្វើឲ្យមានការលើកទឹកចិត្ត និង​មានទំនុក​ចិត្តកាន់​តែខ្លាំង​លើ​មុខរបរ​របស់ពួគគាត់។ លើសពីនេះទៅទៀត​រដ្ឋត្រូវ​រៀបចំកែទំរង់​ដីធ្លីឲ្យ​បានប្រសើរ​ឡើង។ ដោយសារ​គ្មាន​សិទ្ឋរឹងបឹងនិង សន្តិសុខ​ក្នុងការ​កាន់កាប់​ដីធ្លីបែង​ចែកដីធ្លី រឺ គ្រប់គ្រងការលក់​ដូរដីធ្លីទេ កសិករតែងរារែក ក្នុងការវិនិយោគដី ដូចនេះ​ហើយ​​ផលិតភាព​​នូវតែទាប​ដដែល​ហើយកសិករនូវតែក្រ។ គោល​នយោបាយ​​ដីធ្លីត្រូចតែពង្រឹងការគ្រប់គ្រង​​ដីធ្លី​ធានា​ឲ្យការលក់ដូរ​មាន​តម្លាភាព និង ការ​​កាន់កាប់​មាន​សន្តិសុខ​ និង​ធ្វើ​វិមជ្ឈការ​សេចក្ដី​សំរេចផ្សេងៗ ដោយចាប់ផ្ដើម​ការងារចុះ​បញ្ជីដីធ្លី ធ្វើ​ផែនទីសុយោដី និង ការ​វាយតំលៃដី។

--> វិស័យឯកជន វិស័យឯកជនជាវិស័យមួយ ក្នុងការរួមចំនែកបង្កើតការងារដូច្នេះរដ្ឋាភិបាល​ត្រូវមាន​គោលនយោបាយ និង មាន​សកម្មភាព​​ដើម្បី​ទាក់ទាញ​​​ការវិនិយោគពីបរទេស ក៏ដូចជាក្នុង​ស្រុកឲ្យកាន់តែច្រើនឡើងៗ។ ជាមួយគ្នា​នេះដែរ​រដ្ឋាភិបាល​ត្រូវមាន​ការលើក​ទឹកចិត្តចំពោះ​អ្នកដែលមានគំនិតផ្ដួចផ្តើម ក្នុងការប្រើ រឺ កែច្នៃធនធានធម្មជាតិ និងការវិនិយោគខាងផ្នែករោងចក្រ រឺ កម្មន្តសាល (ផលិតកម្ម) តាមរយះ​​ការធ្វើសម្បទានដី រឺការអនុគ្រោះពន្ឋជាដើម។ ហើយម្យ៉ាងវិញទៀត​រដ្ឋាភិបាល​គួរតែចូលរួម​ធ្វើអន្តរាគមន៍លើសហគ្រាស​មួយចំនួន​ដែលមានបញ្ហា រឺ ជួបឧបសគ្គផ្សេងក្នុងដំណើរ ដោយមានការឧបត្ថម្ភជាដើម ជៀសវាងការ​ធ្វើឲ្យបាត់បង់​សហគ្រាស ព្រោះ​វាបណ្ដាល​ឲ្យមានការកើន​ឡើងនូវចំនួនអ្នកគ្មានការងារធ្វើ។ និយាយជារួមទៅ ដើម្បី​អភិវឌ្ឍន៍វិស័យ​ឯកជន​ឲ្យកាន់តែ​ប្រសើ​រ​និង​មានប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវធ្វើឲ្យ​បរិយាកាស​វិនិយោគ​មានលក្ខណះ​​ល្អប្រសើរ ដោយមាន​ការអនុម័ត​និង អនុវត្តន៍គោល​នយោបាយ ក្នុងស្រុក​ឲ្យមានការរក្សាយុត្តិធម៌សមធម៌ និង មានតម្លាភាព ជាពិសេស​​លុបបំបាត់​នូវអំពើពុករលួយ​ដ៏ធ្ងន់ធ្ងរ​ដែល​កំពុងកើត​​មានឡើង។ កត្តាសំខាន់ជាង​នេះទៅទៀត រដ្ឋត្រូវ​មាន​​ការកែ​លំអរ​នូវចំនុច​ខ្វះខាត​មួយចំនួន​ដូចជា៖
ច្បាប់វិនិយោគ រដ្ឋត្រូវអនុវត្តន៍គោលនយោបាយឲ្យបានតឹងរឹង ក្នុងទិសដៅទាក់ទាញ​ការវិនិយោគ​ដើម្បី​បង្កើន​ការងារ​​​មាន​ប្រាក់កំរៃ និង ជួយទ្រទ្រង់ដល់ប្រព័ន្ឋ​រកប្រាក់កំរៃ និង ជួយទ្រទ្រង់​ដល់​​ប្រព័ន្ឋ​រក​ចំនូលរដ្ឋ​ដែលផ្អែកលើការ​ប្រមូល​ពន្ឋដារ។ ហើយសម្ប​ទាន​ខាងពន្ឋដារ​ត្រូវបាន​ផ្តល់ឲ្យ តែ គំរោងវិនិយោគ​ណាដែល​បំពេញលក្ខខណ្ឌ​ដ៏ច្បាស់មួយចំនួនហើយ ការវិនិច្ឆ័យ​សំរាប់​ការបង្កើន​រយះពេលលើកលែងពន្ឋមានជាអទិភាព ទីកន្លែង​​ធ្វើ​គំរោង​​ដើម្បី​​លើកទឹកចិត្តការ​វិនិយោគក្នុងតំបន់ឆ្ងាយៗទំហំគំរោង​(ការ​លើកទឹកចិត្ត​ដល់វិនិយោគធំៗ) ចំនួន​​ការងារ​​បង្កើតឡើង (ដោយគិត​គួរដល់ស្ត្រីភេទនិង ជនពិការ) សក្តានុពល​​នាំចេញ​​ទំនិញ​​តំលៃបន្ថែមការ​ប្រើប្រាស់​​ធនធាន​ក្នុងស្រុក និង ការ​បណ្ដុះ​បណ្ដាល​ពលករ​ក្នុងស្រុក។
ច្បាប់ការងារ មានគោលដៅការពារ​សិទ្ធរ​បស់ពលករ ផ្ដល់ភាព​ថ្លៃថ្នូរ​ជាមនុស្សដល់​​ការងារ​ស្រប​​ច្បាប់​ទាំង​អស់​បំបាត់​​ចោល​នូវ​​ការ​កេង​ប្រវ័ញ្ច​ផ្សេងៗ ដូចជា​ពលករបង្ខិតបង្ខំ និង ការរើសអើង ហើយច្បាប់​នេះ​ក៏ជួយ​ការពារ​ផងដែរដល់ពួកនិយោជក ប្រឆាំង​នឹង​បណ្ដឹង​​នានា​​​​ដែល​​គ្មាន​​មូលដ្ឋាន​ជាក់លាក់។ ហើយខ្លឹមសារ​រួម​នៃ​គោល​នយោបាយនេះ គឺ ឳកាស​ស្មើគ្នាសន្តិសុខ​ និង​ភាព​ថ្លៃថ្នូរ​​របស់​​មនុស្ស​ក្នុង​ការងារ។
អភិបាលកិច្ចល្អ បើសិនជាគ្មាន​និតិរដ្ឋ​ទេឧត្ដម​ភាពខាង​សេដ្ឋកិច្ចរបស់ប្រទេសអាចត្រូវខូចខាត វិនិយោគរបស់​ប្រទេស​អាចមាន​ការភ័យខ្លាច ហើយរត់ទៅវិញ និង ធ្វើឲ្យពលករបាក់ទឹកចិត្ត។ នៅក្នុងបរិបទ​នៃការ​​ជំរុញ​​ការ​លូតលាស់​​សេដ្ឋកិច្ច និង ការបង្កើត​ការងារ​អភិបាលកិច្ចល្អ​​របស់ប្រទេស​កម្ពុជា ត្រូវមាន​ធាតុផ្សំសំខាន់ៗ ដូចជា៖ កំនែទំរង់​តុលាការ កំណែទំរង់​ហិរញ្ញ​វត្ថុសាធារណះ និង កំណែទំរង់​រដ្ឋាភិបាល​​​ដែលមាន​​ការប្រឆាំង​​អំពើពុករលួយ និង វិមជ្ឈការ។ បើយោងតាម​ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍជាតិ ២០០៦_ ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជា( ទំព័រទី៩៥-៩៦ ) ក្នុង​ការ​ពង្រឹងផ្នែក​ឯកជន រដ្ឋាភិបាលនិងលើកកំពស់បរិយាកាសអំណោយ​ផលដល់​វិនិយោគិន ដោយ​ដាក់​នូវគោលការ​មួយចំនួន​ដូចខាងក្រោម៖

+++ ការបង្កើតសមាហរណកម្មសេដ្ឋកិច្ច កម្ពុជានៅក្នុងសេដ្ឋកិច្ចតំបន់ និង ពិភពលោក។
+++ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នដែលចាំបាច់ និង ការធ្វើឲ្យមានកំលាំងពលករជំនាញ (តាមរយះ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​វិជ្ជាជិវៈ និង ការបណ្ដុះបណ្តាលវិជ្ជាជិវៈ ផ្សេងៗទៀត)។
+++ បង្កើត និង​អនុវត្តន៍​តំបន់សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​វិនិយោគផ្ទាល់​ពីបរទេស និង ការបង្កើន​ការងារ​ជូន​ប្រជាជន។
+++ ការពង្រីកជាបន្តទៀតនូវក្របខណ្ឌច្បាប់ សម្រាប់ សហគ្រាស រួមមានច្បាប់ លិខិតបទដ្ឋាន និង សមត្ថភាព​ស្ថាប័ន​ដែល​សម្រួល​ដល់​ការ​ធ្វើអាជិវកម្ម ជំនួញ និង ការវិនិយោគ​ឯកជន​ក្នុង​បរិយាកាស​មួយ​ដែលមាន​ការប្រកួតប្រជែង​ដោយ​ស្មើភាពគ្នា តម្លាភាព គណនេយ្យភាព និង​ភាពអាច​ព្យាករណ៍​បាន។
+++ ការផ្លាស់ប្ដូរប្រកប​ដោយ​ប្រសិទ្ឋភាព និង ឆាប់រហ័ស នូវកត្តាចំបងៗទាំងឡាយ ដែល​បង្អាក់​ដល់កំណើន​ផ្នែកឯកជន​ដែលបាន​កំនត់ក្នុងការអង្កេត​ក្នុងបរិយាកាសវិនិយោគ ដូចជា អភិបាលកិច្ច​ខ្សោយ បន្ទុកផ្នែក​ទិដ្ឋភាពច្បាប់ ភាពខ្សោយ​​​នូវ​ក្នុង​បរិយាកាស​តុលាការ និង ច្បាប់។
+++ ការលុបបំ​បាត់នូវភាពមិនប្រាកដប្រជា និងភាពមិនអាចព្យាករណ៍បានដែលមាននូវពេលបច្ចុប្បន្ន ដែលបង្កើត​ឡើងដោយ​កត្តា​ដូចបាន​​ពោលខាងលើ ដែលធ្វើឲ្យនាក់វិនិយោគពិតប្រាកដ និង សំរាប់រយៈវែងជៀសចេញពីកម្ពុជា ដោយ​គេអាចយល់​អ្នក​វិនិយោគ​ទាំងឡាយណាដែលនូវកម្ពុជាគឺជាអ្នកទាក់ទាញយកផលចំនេញភ្លាមៗ និង ឆ្លៀត​ឱកាសរក​ចំនេញ ឫ ក៏ធ្វើឲ្យ​​អាជិវកម្ម​​នៅក្នុង​ផ្នែក​មិនផ្លូវការ ដើម្បីគេចពន្ឋ ហើយជាមូយ​នេះ​​ដើម្បី​​រកផល​​ចំនេញ​​ឲ្យបាន​ច្រើនបំផុត។
+++ ការដាក់ឲ្យដំណើការ “ការរិយាល័យច្រកចេញតែមួយ” ជាយន្តការសម្រួល​មួយ​ដ៏​ឆាប់​រហ័ស​របស់រដ្ឋាភិបាល​​សំរាប់ពានិជ្ជកម្ម និង​អ្នកវិនិយោគ​​ទាំងអស់។
+++ ការបន្តការពិភាក្សាដោយចំហ ជាមួយផ្នែកឯកជន តាមរយៈវេទិការផ្នែកឯកជន និង គណៈកម្មាធិការ សំរាប់អភិវឌ្ឍន៍ផ្នែកឯកជន ដើម្បីដោះស្រាយការព្រួយបារម្ភទាំងឡាយរបស់ផ្នែកឯកជន ។

B. បង្កើនទីផ្សារ

ការបង្កើនទីផ្សា សំដៅលើការធ្វើឲ្យប្រសើរឡើងក្នុងការប្រកួតប្រជែង និង មានទីតាំង​សំរាប់​លក់ផលិតផល​កាន់តែ​ច្រើន ។ ទីផ្សាត្រូវ​បង្កើត​ឡើង មិនថានូវក្នុងស្រុក និង ក្រៅ​ស្រុក​នោះឡើយ​ក្នុងន័យ​នេះគឺ ដើម្បីធ្វើ​ឲ្យប្រជាពលរដ្ឋ​ជាពិសេស ប្រជាកសិករ​​លក់នូវ​ផលិតផល​​កសិកម្ម​របស់ពូក​គេឲ្យបាន​តំលៃខ្ពស់ និង សមស្របតាម​លក្ខណៈស្ដង់ដារ​ពីទីផ្សារ​អន្ដរជាតិ ។ ជាក់ស្ដែង​​នូវ​កម្ពុជាប្រជា​កសិករភាគ​​ច្រើន​មិនអាច​រកទីផ្សារ​លក់ផលិតផល​របស់ខ្លួន​ឲ្យ​បាន​សមរម្យ​ ហើយ​ពេលខ្លះពួកគាត់អាច​ត្រូវ​បង្ខំចិត្ត​លក់​ឲ្យពួក​ឈ្មូញ​ឆ្លៀតឱកាស​មួយចំនួន ដែលឲ្យតំលៃទាប ហើយមិនអាច​ទូទាត់ពី​ចំណាយ​របស់ប្រជាកសិករ​បាន ។ កត្តាទាំងនេះហើយដែល ធ្វើឲ្យ​ពួក​គាត់បាត់​ទឹកចិត្តនូវក្នុង​ការ​ប្រករបរ​នេះបន្តទៀតដែលនាំឲ្យក្លាយជានិកម្មជនទៀតផង។ ម្យ៉ាងវិញទៀត​រដ្ឋក៏អាចបង្កើត​ជាសហគមន៍ រឺ អង្គការ សំរាប់ទិញនូវផលិតផលកសិកម្មរបស់ប្រជាកសិករដើម្បីយកមកកែច្នៃ និង រៀបចំវេចខ្ចប់​ឲ្យ​បានត្រឹមត្រូវ​សំរាប់នាំចេញ​ទៅ​លើទីផ្សាអន្តរជាតិ ។ គោលគំនិតទាំងនេះ សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ធ្លាប់​មាន​ប្រសាសន៍​នាពេល​ថ្មីៗនេះផង​ដែរថា​ ”ប្រទេសកម្ពុជា ព្រមទាំងប្រទេសដ៏ទៃទៀត​នៅក្នុងសហគមន៍អាស៊ាន​នឹងបង្កើត​សហគមន៍​មួយសំរាប់​នាំអង្ករ​ចេញ​ទៅលើទីផ្សារ​ពិភពលោក ក្នុងគោលបំណងមិន​ឲ្យពួកឈ្មួញ​ឱកាសនិយមធ្វើការ​បន្ទាបតំលៃ” ។ មូយវិញទៀត នៅពេលដែល​យើងអាច​ពង្រីកទីផ្សារ​ឲ្យ​បាន​ធំទូលាយ​ និងធ្វើឲ្យ​កំរិតផលិតផល (Productivity) ក្នុងស្រុកកើន​ឡើង នោះចំនួន​អ្នក​មាន​ការងារ​​ធ្វើកើន​ឡើងដែរ​ ហើយ​ធ្វើ​ឲ្យពួកគាត់​មានចំនូល​​កើនឡើង និង​មានជីវភាព​រស់នៅកាន់​តែប្រសើរ​ថែមទៀត។

២ ផ្ដល់ឱកាសការងារឲ្យបានស្មើគ្នា (Provide equality of work opportunity)

ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ មានន័យថាប្រជាពលរដ្ឋគ្រប់រូបអាចមានឱកាស ស្វែងរកការងារ​ស្មើគ្នានៅលើទីផ្សារ​ពលកម្ម​ដោយ​មិនរើសអើង ពណ៌សំបុរ ជាតិសាសន៍ រឺ ប្រកាន់បក្សពួកឡើយ ។ ហើយ​ប្រជាពលរដ្ឋ​ផ្ទាល់​ក៏ត្រូវ​ទទួល​នូវជំនាញច្បាស់​លាស់ និង ការ​អប់រំ​បណ្ដុះបណ្ដាល​ឲ្យបាន​សមស្រប​តាមតំរូវការ​ទីផ្សារ​ការងារ និង ការ​ប្រកួតប្រជែង។ ក្នុង​ករណី​ប្រទេសកម្ពុជា​​បច្ចុប្បន្ន​​អំពើ​ពុករ​លួយ​ក៏ជា​ឩបសគ្គ​មួយ​ក្នុងការ​រារាំងឱកាស​ទទួលបាន​ការងារ​របស់​ប្រជាពលរដ្ឋក្រីក្រ រឺ និស្សិតមួយ​ចំនួន ព្រោះអ្នក​មាន​​អំនាច មានបុណ្យ​សក្ដិមាសប្រាក់​មួយចំនួន​អាច​មានការងារ រឺ តួនាទីនៅ​ក្នុងស្ថាប័ន​មួយដោយ​ការ​សូកប៉ាន់ រឺ បក្សពួក​របស់ខ្ខួន។ កត្ដានេះបានជះឥទ្ធិពលដ៏អាក្រក់នៅប្រសិទ្ធិភាព ការងារ ក៏ដូចជា​ការខាត​បង់នូវ​ឱកាស​ការងារ​របស់​អ្នកមាន​​ដែល​ជំនាញ និង​ចំនេះ​ដឹង​ពិត​ប្រាកដ។ដូច្នេះដែរ រដ្ឋាភិបាលត្រូវតែមានគោលការណ៍ និង ការអនុវត្តឲ្យបានមឺមាត់ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ដែល​​កំពុងកើតមានឡើង។ សរុបមកការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ គឺរដ្ឋាភិបាលត្រូវតែពង្រឹង និងពង្រីកវិស័យអប់រំឲ្យបានល្អប្រសើរ ដើម្បី​បង្កើននូវ​ធនធាន​មនុស្សដែលមានចំនេះ និងជំនាញ ហើយត្រូវ​បង្កើតទីផ្សារ​ការងារឲ្យបានច្រើនជាមួយ​និង​ការផ្ដល់ឱកាស​ស្វែង​រកការងារ​ស្មើរៗគ្នា។​ ខាងក្រោមនេះ ជាផែនការយុទ្ធសាស្រ្ដ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្កើតការងារ និង លក្ខខ័ណ្ឌការងារ​​ឲ្យ​បានល្អ​ប្រសើរ​​ជាងមុន (ដកស្រង់ចេញ​ពី​សៀវភៅ​​ផែន​ការយុទ្ធសាស្រ្ដ​អភិវឌ្ឍន៍​ជាតិ ២០០៦-២០១០ រាជរដ្ឋាភិបាល​កម្ពុជាទំព័រទី ១០១)៖ ទិសដៅ​​សំខាន់ៗក្នុង​ការងារ​នេះ គឺ ជាការបង្កើត​កាលានុវត្ដភាព​ការងារ​​ដែល​មាន​​​សារៈ​ប្រយោជន៍​​ទាំង​ក្នុង​​ផ្នែក​​រៀបរយ​​​ និង​ទាំង​ក្នុងផ្នែក​មិនរៀបរយ ការធ្វើឲ្យល្អ​ប្រសើរឡើង​នូវ​ការផ្គត់ផ្គង់ពលករមានគុណភាព និង​ការលុប​បំបាត់​រូបភាព​អាក្រក់​បំផុត​នៃពលកម្ម​កុមារ។ ឧស្សាហកម្ម​​​​កាត់ដេរ​​ដែលកើត​ឡើងយ៉ាងឆាប់រហ័ស បានធ្វើឲ្យមានការ​ប្រែប្រួល​នៃស្ថានភាព​ការងារនៅ​ក្នុងទីប្រជុំជន តាមរយះ​ការបង្កើត​ និង​ការធ្វើឲ្យ​មាន​ស្ថេភាពការងារ​ដែល​ប្រើកំលាំងពលកម្មច្រើន ជាពិសេស សំរាប់​ស្រ្ដីក្មេងៗ​។​ ក៏ដូចនៅ​ក្នុងវិស័យ​ផ្សេងៗ​ដែរ គោលការណ៍​ទៀតដែរ គោលនយោបាយមួយដែលមានលក្ខណះ​ជាប្រព័ន្ធ​​កំពុង​ត្រូវបានយក​មកអនុវត្ដ​ដើម្បីបង្កើត​ការងារ​ឲ្យបាន​ច្រើន ជាង​មុន​ជាពិសេស​​​សំរាប់ប្រជាជនក្មេងៗ​ដែលកំពុងចូល​ខ្លួនក្នុងទីផ្សារពលកម្ម និង​សំរាប់​ពលរដ្ឋ​កម្ពុជាទាំង​អស់តាមរយះ​វិធានការ​​ទាំងឡាយដូចខាងក្រោម៖​
--> បង្កើនផលិតភាពកសិម្ម ដើម្បីបង្កើតកាលានុវត្ដ​ភាព​ការងារ​នៅជនបទឲ្យបាន​ច្រើនជាង​មុនដែល និង មាន​ឥទ្ធិពលខ្លាំង​ទៅលើវិស័យ​ច្រើន រួមបញ្ចូល​ទាំង​​ការ​បង្កើនតំរូវការ​​ទំនិញ និងសេវាកម្ម​​ផ្សេងៗ។
--> លើកទឹកចិត្តការវិនិយោគ ផ្ទាល់ពីបរទេស និង​ វិនិយោគ​ក្នុង​ស្រុកនៅក្នុងវិស័យអាទិភាព ជាពិសេស វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម​ និងគំរោងដែលប្រើប្រាស់ពលកម្មច្រើន ព្រមទាំងវិស័យទេសចរណ៍។
--> បង្កើតបណ្ដាញអប់រំ បណ្ដុះបណ្ដាញបច្ចេកទេស និង វិជ្ជាជីវះ និងជំនាញផ្សេងៗ ដើម្បី​បំរើឲ្យស្មើភាព​គ្នា​ទាំង​បរុស​និង​ស្រ្តី ជាពិសេស ជនក្រីក្រ ជនពិការ និង​​ប្រព័ន្ធស្ថិតិមួយ ដោយមានទិន្នន័យ​ដែលបំបែក​លំអិត​ជាច្រើន​ប្រភេទ ដូចជាតាម​យ័នឌ័រ ពិការភាព និង​កត្តាផ្សេង ទៀតដែល​ទាក់ទងនឹងសង្គមកិច្ច។
--> ជួយពលករកម្ពុជាក្នុងការ​ស្វែងរក​ការងារ​នៅបណ្តាញប្រទេសផ្សេងៗទៀត។

Wednesday, January 30, 2013

បញ្ហា​នៅ​ក្នុង​ការ​ស្វែង​រក​ឯក​សារ​ជា​ភាសា​ខ្មែរ​ក្នុង​បណ្ដាញ​ស្រាវជ្រាវ​អ៊ីន​ធឺ​ណែត​

ស្របទៅ​នឹង​សម័យ​កាល​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​ បាន​​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​ និង​ការ​សិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​​។​ ជាមួយ​គ្នា​នេះ​ នៅ​ពេល​ដែល​យើង​ចង់​ស្វែង​រក​ពី​បញ្ហា​អ្វី​មួយ​ ​យើង​តែង​តែប្រើ​ប្រព័ន្ធ​អ៊ីនធឺណែត​​សំរាប់​ស្រាវជ្រាវ (Search Engine) ដែល​ភាគច្រើន​និយម​ប្រើ​គេហទំព័រ​ Google ។ ក្រៅ​ពី​គេហទំព័រ Google ក៏នៅ​មាន​ប្រព័ន្ធ Search Engine សំរាប់​ស្រាវ​ជ្រាវ​ ដូចជា​ Bing, Yahoo និង ផ្សេងៗទៀត។ នៅ​ពេល​នេះ​ខ្ញុំ​ចង់​និយាយ​ពីការ​ស្វែងរក​ឯក​សារជា​ភាសា​ខ្មែរ​​ នៅ​ក្នុង​​ប្រព័ន្ធ​ស្រាវជ្រាវ Google ។ ជា​ធម្មតា​រាល់​គេហទំព័រ​ដែល​មាន​នៅ​ទូទាំង​ពិភពលោក​ គ្រប់​ភាសា​ ត្រូវ​បាន​បញ្ចូល ​(Indexing) ទៅ​ក្នុង​​ប្រព័ន្ធ​ស្រាវជ្រាវ​​ (Search Engine) ។​ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ (Key word) ដើម្បី​ស្វែង​រក​ឯកសារ​អ្វី​មួយ នោះ​ប្រព័ន្ធ​ស្រាវជ្រាវ រឺ ម៉ាស៊ីនស្វែង​រក​នឹង​បង្ហាញ​ឯកសារ​នៅ​គេហទំព័រ​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​គន្លឹះ​ដែល​យើង​ស្វែង​រក។​ ជាទូទៅ​ឯកសារ​ដែល​បង្ហាញ​នោះ​ក្នុងភាសា​​ដូច​នឹង​ពាក្យ​គន្លឹះ​ដែល​យើង​បញ្ចូល​ មាន​ន័យ​ថា បើ​ពាក្យ​គន្លឹះ​ដែល​យើង​វាយ​បញ្ចូល​ជា​ភាសា​អង់គ្លេស នោះ​ឯកសារ​នឹង​បង្ហាញ​ជា​ភាសា​អង់គ្លេស តែ​បើ​យើង​បញ្ចូល​ជា​ភាសា​ខ្មែរ​ នោះ​ឯកសារ​នឹង​បង្ហាញ​ជា​ភាសាខ្មែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​នៅ​ពេល​ដែល​យើង​ស្វែង​រក​ឯក​សារ​ជា​ភាសាខ្មែរ​ ត្រង់ ៖

បញ្ហា​ទី១ ចំនួនឯកសារជាភាសា​ខ្មែរ​នៅ​បណ្ដាញ​អ៊ីនធឺណែត​មាន​ចំនួន និង​ មិន​បាន​គ្រប់​ផ្នែក ដូចដែលយើង​គ្រប់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា​ កម្ពូជា​យើង​ទើប​តែ​មាន​ការ​រីក​ចំ​រើន​ខ្លះៗ​ផ្នែក​បច្ចេកវិទ្យា​ ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ហើយ​ បើ​និយាយ​ពី​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​អ៊ីនធឺណែត​ គឺនៅ​មាន​កំរិត​នៅ​ឡើយ​ និង​មិនបាន​គ្រប់​ផ្នែក​នោះទេ​ ជាពិសេស​ផ្នែក​ការសិក្សា​អប់​រំ​ស្រាវជ្រាវ និង​ ផ្នែក​ពត៌មាន​វិទ្យា​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ គឺ​គេហទំព័រ​មួយចំនួន​របស់​ខ្មែរដែលបាន​ផ្សព្វ​ផ្សាយ​ បាន​សរសេរ​នៅ​ក្នុង​ភាសា​បរទេស​ថែមទៀត រីឯ​ភាសា​ជាតិ​របស់​ខ្លួន​បែរ​ជា​មិន​មាន​ទៅ​វិញ​ (គេហទំព័រ​ដែល​ល្អ​គឺគួរ​តែ​ប្រើ​ជាភាសា​​ជាតិ​ខ្លួន​ជា​ចំបង និង​ប្រើ​ភាសា​បរទេសជាភាសា​បន្ទាប់ មានន័យថា ក្នុង​គេហទំព័រមួយ យ៉ាង​តិច​មាន​២ភាសា) ​។​ ហើយ​បើ​តាម​ការ​សង្កេត​របស់​​ខ្ញុំ គេហទំព័រ​របស់​ខ្មែរ​មួយ​ចំនួនធំ​ដែល​មាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត ភាគច្រើន​ជា​គេហទំព័រសារពត៌មាន ការ​កំសាន្ដ​ (តន្រ្តី) រឺ គេហទំព័រ​ស្ដី​ពី​ក្រសួង​ ស្ថាប័ន អង្គការ​ជា​ដើម ហើយ​ក្នុង​នោះ​ក៏​មាន​ប្លុក​ជា​ភាសា​ខ្មែរ​ផង​ដែរ ​តែ​និយម​និយាយ​ពី​បញ្ហាទូទៅ ផ្ទាល់​ខ្លួន​។ រីឯ​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​ផ្នែក​អប់រំ សិក្សា​ស្រាវជ្រាវ ជា​ពិសេស​ផ្នែក​ពត៌មាន​វិទ្យា​ គឺ​នៅ​មាន​កំរិត​ រឺ អាច​ថា​គ្មាន​។ ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជិតខាង​យើង ក៏​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​​ គេ​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណែត​សំរាប់​ផ្សព្វ​ផ្សាយភាសា ​វប្បធម៌​ អរិយ​ធម៌ ចំណេះដឹង និង​សមិទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ឯក​សារ​សំរាប់​ការ​សិក្សា​ផ្សេងៗ​ ​សំរាប់​ឲ្យ​អ្នក​ស្រាវជ្រាវ​យក​មក​ធ្វើ​ជា​ឯក​សារ​យោង និង ការ​ពង្រីក​ចំណេះ​ដឹង​ផង​ដែរ​។ ដោយ​ភាព​ភាព​ក្សត់​ខ្សោយ​នៃ​ឯក​សារ​ក្នុង​ភាសា​ខ្មែរ​ជាតិ​ខ្លួន​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ស្រាវ​​មួយ​ចំនួន​មាន​ការ​លំ​បាក​ក្នុង​ការ​ស្វែង​រក​ ហើយ ពេល​ខ្លះ​ត្រូវ​បង្ខំ​​ចិត្ត​ស្វែង​រក​ជា​ភាសា​បរទេស (មិន​ចង់​បាន​ន័យ​ថា ភាសា​បរទេស​មិន​ល្អ​ទេ តែ​ការ​ប្រើ​ប្រាស់​ភាសា​ផ្ទាល់​ខ្លួន​ងាយ​យល់ និង​ប្រើ​ពេល​វេលា​ខ្លី​សំ​រាប់​ការ​សិក្សា​ស្វែង​យល់ ហើយ ក៏​ជា​ការ​ឲ្យ​តំលៃ​ភាសា​​ជាតិ​ខ្លួន​ដែរ​) ។​ តែ​ខ្ញុំ​សង្ឃឹម​ថា​ ក្នុង​រយៈ​កាល​ដ៏​ខ្លី​ខាង​មុខ ឯកសារ​សិក្សា​ស្រាវជ្រាវ​ ជាពិសេស​ចេញ​មក​ពី​ស្ថាប័ន​អប់រំ​ ក៏​ដូច​ជា​អ្នក​សិក្សា​ទាំង​ឡាយ​ កាន់​តែ​មាន​ច្រើន​នៅ​លើ​បណ្ដាញ​​អ៊ីនធឺណែត​។ ខាង​ក្រោម​ជា​ឧទាហរណ៍​នៃ​ការ​ស្វែង​រក​នៅ​ក្នុង​ប្រព័ន្ធស្រាវជ្រាវ Google ជាមួយពាក្យ​គន្លឹះ “បច្ចេកវទ្យា” និង​ការ​ប្រៀបធៀប​លទ្ធផល​ឯកសារ​ជា​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស និង ភាសា​ឥណ្ឌូនេស៊ី។ ចំនួន​​ឯកសារ​បង្ហាញ​នៅ​​ក្នុង​រង្វង់​ព័រ​ក្រហមក្នុង​រូបភាព​ខាង​ក្រោម​ ដែល​ក្នុង​នោះ​យើង​សង្កេត​ឃើញ​ថា​ឯក​សារ​ជា​ភាសា​ខ្មែរ​នៅ​មាន​ចំ​នួន​តិច​តួច បើ​ប្រៀប​ទៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី​ ហើយ​បើ​និយាយ​ឯកសារ​ជា​ភាសា​អង់​គ្លេស​វិញ​មាន​ចំនួន​ច្រើន​លើស​លុប​។

បញ្ហាទី២ ការវាយ​អក្សរខ្មែរ និង ពុម្ពអក្សរខ្មែរ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត (គេហទំព័រ) បច្ចុប្បន្ននេះ​គេហទំព័រ​មួយចំនួន​ធំ​បាន​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដហើយ​ តែនៅ​មាន​មួយ​ចំនួនតូច​នៅ​ប្រើ​ពុម្ព​អក្សរ​ពី​សម័យ​មុន​។ បញ្ហានេះ​ នៅ​ពេល​ដែល​យើង​បញ្ចូល​ពាក្យ​គន្លឹះ​ដោយ​ប្រើ​ពុម្ព​យូនីកូដ នោះ​ម៉ាស៊ីន​ស្រាវជ្រាវ​នឹង​មិន​បង្ហាញ​លទ្ធផលអត្ថបទ​ដែល​មិន​ប្រើ​យូ​នីកូដ​​ឡើយ​ ព្រោះ​ម៉ាស៊ីន​កុំ​ព្យូទ័រ​​សម្មត​ថា​ខុស​គ្នា​ ទោះ​បីអត្ថ​បទ​នោះ​ដូច​​នឹង​ការ​ចង់​បាន​របស់​យើង​ក៏​ដោយ​។ មួយវិញ​ទៀត​ គឺ​ការ​អក្សរ​​យួនីកូដ​ដោយ​មិន​បាន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ (Space bar) ។​ដោយ​សារ​តែ​ក្ដា​ចុចយួនីកូដ​ ទើប​ទេ​ចេញ​ឲ្យ​ប្រើ​នាពេល​ថ្មីៗនេះ​ ធ្វើ​ឲ្យ​​អ្នក​ខ្លះ​មិន​ទាន់​ទំលាប់​ ហើយ ពេល​ខ្លះ​មិន​បាន​ដឹង​ពី​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ចន្លោះ​មើល​មិន​ឃើញ ។ ចន្លោះ​មើល​មិន​ឃើញ​ មាន​ប្រយោជន៍​សំរាប់​ញែក​ពាក្យ​ឲ្យ​ដាច់​ពី​គ្នា ព្រោះ​ភាសា​ខ្មែរ​យើង​មិន​ដូច​ភាសា​អង់គ្លេស ដែល​ពីពាក្យមួយទៅ​ពាក្យ​មួយទៀត​ត្រូវ​ដក​ឃ្លា រីឯពាក្យ​ខ្មែរ​គឺជាប់​គ្នា​។ ដូច្នេះ​គឺត្រូវ​តែ​ប្រើចន្លោះ​មើល​មិន​ឃើញ​ ដើម្បី​ឲ្យ​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ​ទៀត​ដាច់​ពី​គ្នា​ (យើង​មើល​មិនឃើញ​ថា​ដាច់​ពី​គ្នាទេ) ព្រោះ​ការ​ធ្វើ​បែប​នេះ​កុំព្យូទ័រ​អាច​ដឹង​ថា​ជាពាក្យមួយ​ នៅ​ពេល​មាន​ដក​ឃ្លា បើ​សិន​ជា​យើង​មិន​ប្រ​ចន្លោះ​មើល​មិន​ឃើញ​​នៅ​ក្នុង​អត្ថបទ​មួយ រឺ​ប្រយោគ​មួយ​ នោះ​កុំព្យូទ័រ​សន្មតថា​មួយអត្ថបទ​ រឺ​មួយឃ្លា​នោះ​ជា​មួយពាក្យ ។ នេះ​​ជាមូល​ហេតុ​នៅ​ពេល​ដែល​យើង​ស្វែង​រក​ ការផ្គូរ​ផ្គង​ពាក្យគន្លឹះ​ដែល​យើង​បញ្ចូល និង​អត្ថបទ​​មិន​ត្រូវ​គ្នា នាំឲ្យ​គ្មាន​លទ្ធផល​បង្ហាញ​ឡើយ។​ បញ្ហា​មួយទៀត​នៅ​ក្នុង​ការ​សរសេរ​ពាក្យ​ខ្មែរ​ផង​ដែរ​គឺ ការ​ដាក់​ជើង​ ដូចជា​ការ​ដាក់​ជើង​ “ត” និង ជើង​”ដ” ។​ នៅ​ពេល​យើង​សរសេរ​គឺ​មើល​ឃើញ​ដូច​គ្នា​ តែ​តាម​ពិត​គឺ​ខុសគ្នា ហើយ ចំ​ណែក​កុំព្យូទ័រ​ក៏​សម្មតថា​ខុសគ្នា​ដែរ​ ឧ​ទាហរណ៍​ការសរសេរពាក្យ “បន្ត” និង ពាក្យ “សន្ដោស​ប្រណី” ។​ ពាក្យទីមួយត្រូវ​ចុចជើង​ដោយ​ក្ដាចុច “ត” (Key « t ») រីឯពាក្យទីពីរ ត្រូវ​ប្រើ​ជើង “ដ” (Key « d ») ។ ដូច្នេះ​ហើយ ទាំង​អ្នក​សរសេរអត្ថបទ ទាំង​អ្នក​សរសេរ​ពាក្យ​គន្លឹះស្វែង​រក គឺ​ត្រូវ​សរសេរ​ពាក្យ​ខ្មែរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្រកប​ និង ក្ដា​ចុច​យូនីកូដ ហើយ​មិនត្រូវ​​ភ្លេច​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​។​ ខាង​ក្រោម​ជា​ឧទាហរណ៍ នៃ​ការស្វែង​រក​ដោយ​ប្រពាក្យ​មិន​បាន​ត្រឹម​ត្រូវ​ និង​ការ​វាយ​អក្សរ​បាន​ត្រឹម​ត្រូវ​តាម​ប្រកដ​និង​ក្ដា​ចុច​យូនីកូដ​។