ស្របទៅនឹងសម័យកាលជឿនលឿនផ្នែកបច្ចេកវិទ្យា បានផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់ និងការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត។ ជាមួយគ្នានេះ នៅពេលដែលយើងចង់ស្វែងរកពីបញ្ហាអ្វីមួយ យើងតែងតែប្រើប្រព័ន្ធអ៊ីនធឺណែតសំរាប់ស្រាវជ្រាវ (Search Engine) ដែលភាគច្រើននិយមប្រើគេហទំព័រ Google ។ ក្រៅពីគេហទំព័រ Google ក៏នៅមានប្រព័ន្ធ Search Engine សំរាប់ស្រាវជ្រាវ ដូចជា Bing, Yahoo និង ផ្សេងៗទៀត។ នៅពេលនេះខ្ញុំចង់និយាយពីការស្វែងរកឯកសារជាភាសាខ្មែរ នៅក្នុងប្រព័ន្ធស្រាវជ្រាវ Google ។ ជាធម្មតារាល់គេហទំព័រដែលមាននៅទូទាំងពិភពលោក គ្រប់ភាសា ត្រូវបានបញ្ចូល (Indexing) ទៅក្នុងប្រព័ន្ធស្រាវជ្រាវ (Search Engine) ។ ដូច្នេះហើយ នៅពេលដែលយើងវាយបញ្ចូលពាក្យគន្លឹះ (Key word) ដើម្បីស្វែងរកឯកសារអ្វីមួយ នោះប្រព័ន្ធស្រាវជ្រាវ រឺ ម៉ាស៊ីនស្វែងរកនឹងបង្ហាញឯកសារនៅគេហទំព័រដែលពាក់ព័ន្ធនឹងពាក្យគន្លឹះដែលយើងស្វែងរក។ ជាទូទៅឯកសារដែលបង្ហាញនោះក្នុងភាសាដូចនឹងពាក្យគន្លឹះដែលយើងបញ្ចូល មានន័យថា បើពាក្យគន្លឹះដែលយើងវាយបញ្ចូលជាភាសាអង់គ្លេស នោះឯកសារនឹងបង្ហាញជាភាសាអង់គ្លេស តែបើយើងបញ្ចូលជាភាសាខ្មែរ នោះឯកសារនឹងបង្ហាញជាភាសាខ្មែរ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺនៅពេលដែលយើងស្វែងរកឯកសារជាភាសាខ្មែរ ត្រង់ ៖
បញ្ហាទី១ ចំនួនឯកសារជាភាសាខ្មែរនៅបណ្ដាញអ៊ីនធឺណែតមានចំនួន និង មិនបានគ្រប់ផ្នែក ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា កម្ពូជាយើងទើបតែមានការរីកចំរើនខ្លះៗផ្នែកបច្ចេកវិទ្យា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយ បើនិយាយពីការផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណែត គឺនៅមានកំរិតនៅឡើយ និងមិនបានគ្រប់ផ្នែកនោះទេ ជាពិសេសផ្នែកការសិក្សាអប់រំស្រាវជ្រាវ និង ផ្នែកពត៌មានវិទ្យា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺគេហទំព័រមួយចំនួនរបស់ខ្មែរដែលបានផ្សព្វផ្សាយ បានសរសេរនៅក្នុងភាសាបរទេសថែមទៀត រីឯភាសាជាតិរបស់ខ្លួនបែរជាមិនមានទៅវិញ (គេហទំព័រដែលល្អគឺគួរតែប្រើជាភាសាជាតិខ្លួនជាចំបង និងប្រើភាសាបរទេសជាភាសាបន្ទាប់ មានន័យថា ក្នុងគេហទំព័រមួយ យ៉ាងតិចមាន២ភាសា) ។ ហើយបើតាមការសង្កេតរបស់ខ្ញុំ គេហទំព័ររបស់ខ្មែរមួយចំនួនធំដែលមាននៅលើបណ្ដាញអ៊ីនធឺណែត ភាគច្រើនជាគេហទំព័រសារពត៌មាន ការកំសាន្ដ (តន្រ្តី) រឺ គេហទំព័រស្ដីពីក្រសួង ស្ថាប័ន អង្គការជាដើម ហើយក្នុងនោះក៏មានប្លុកជាភាសាខ្មែរផងដែរ តែនិយមនិយាយពីបញ្ហាទូទៅ ផ្ទាល់ខ្លួន។ រីឯគេហទំព័រដែលផ្សព្វផ្សាយផ្នែកអប់រំ សិក្សាស្រាវជ្រាវ ជាពិសេសផ្នែកពត៌មានវិទ្យា គឺនៅមានកំរិត រឺ អាចថាគ្មាន។ ផ្ទុយពីបណ្ដាប្រទេសជិតខាងយើង ក៏ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ គេប្រើប្រាស់បណ្ដាញអ៊ីនធឺណែតសំរាប់ផ្សព្វផ្សាយភាសា វប្បធម៌ អរិយធម៌ ចំណេះដឹង និងសមិទ្ធផលនៃការសិក្សាស្រាវជ្រាវ ក៏ដូចឯកសារសំរាប់ការសិក្សាផ្សេងៗ សំរាប់ឲ្យអ្នកស្រាវជ្រាវយកមកធ្វើជាឯកសារយោង និង ការពង្រីកចំណេះដឹងផងដែរ។ ដោយភាពភាពក្សត់ខ្សោយនៃឯកសារក្នុងភាសាខ្មែរជាតិខ្លួននេះហើយ ដែលធ្វើឲ្យអ្នកសិក្សាស្រាវមួយចំនួនមានការលំបាកក្នុងការស្វែងរក ហើយ ពេលខ្លះត្រូវបង្ខំចិត្តស្វែងរកជាភាសាបរទេស (មិនចង់បានន័យថា ភាសាបរទេសមិនល្អទេ តែការប្រើប្រាស់ភាសាផ្ទាល់ខ្លួនងាយយល់ និងប្រើពេលវេលាខ្លីសំរាប់ការសិក្សាស្វែងយល់ ហើយ ក៏ជាការឲ្យតំលៃភាសាជាតិខ្លួនដែរ) ។ តែខ្ញុំសង្ឃឹមថា ក្នុងរយៈកាលដ៏ខ្លីខាងមុខ ឯកសារសិក្សាស្រាវជ្រាវ ជាពិសេសចេញមកពីស្ថាប័នអប់រំ ក៏ដូចជាអ្នកសិក្សាទាំងឡាយ កាន់តែមានច្រើននៅលើបណ្ដាញអ៊ីនធឺណែត។ ខាងក្រោមជាឧទាហរណ៍នៃការស្វែងរកនៅក្នុងប្រព័ន្ធស្រាវជ្រាវ Google ជាមួយពាក្យគន្លឹះ “បច្ចេកវទ្យា” និងការប្រៀបធៀបលទ្ធផលឯកសារជាភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាឥណ្ឌូនេស៊ី។ ចំនួនឯកសារបង្ហាញនៅក្នុងរង្វង់ព័រក្រហមក្នុងរូបភាពខាងក្រោម ដែលក្នុងនោះយើងសង្កេតឃើញថាឯកសារជាភាសាខ្មែរនៅមានចំនួនតិចតួច បើប្រៀបទៅប្រទេសឥណ្ឌូនេស៊ី ហើយបើនិយាយឯកសារជាភាសាអង់គ្លេសវិញមានចំនួនច្រើនលើសលុប។
បញ្ហាទី២ ការវាយអក្សរខ្មែរ និង ពុម្ពអក្សរខ្មែរនៅលើបណ្ដាញអ៊ីនធឺណែត (គេហទំព័រ) បច្ចុប្បន្ននេះគេហទំព័រមួយចំនួនធំបានប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដហើយ តែនៅមានមួយចំនួនតូចនៅប្រើពុម្ពអក្សរពីសម័យមុន។ បញ្ហានេះ នៅពេលដែលយើងបញ្ចូលពាក្យគន្លឹះដោយប្រើពុម្ពយូនីកូដ នោះម៉ាស៊ីនស្រាវជ្រាវនឹងមិនបង្ហាញលទ្ធផលអត្ថបទដែលមិនប្រើយូនីកូដឡើយ ព្រោះម៉ាស៊ីនកុំព្យូទ័រសម្មតថាខុសគ្នា ទោះបីអត្ថបទនោះដូចនឹងការចង់បានរបស់យើងក៏ដោយ។ មួយវិញទៀត គឺការអក្សរយួនីកូដដោយមិនបានប្រើចន្លោះមើលមិនឃើញ (Space bar) ។ដោយសារតែក្ដាចុចយួនីកូដ ទើបទេចេញឲ្យប្រើនាពេលថ្មីៗនេះ ធ្វើឲ្យអ្នកខ្លះមិនទាន់ទំលាប់ ហើយ ពេលខ្លះមិនបានដឹងពីប្រយោជន៍នៃការប្រើប្រាស់ចន្លោះមើលមិនឃើញ ។ ចន្លោះមើលមិនឃើញ មានប្រយោជន៍សំរាប់ញែកពាក្យឲ្យដាច់ពីគ្នា ព្រោះភាសាខ្មែរយើងមិនដូចភាសាអង់គ្លេស ដែលពីពាក្យមួយទៅពាក្យមួយទៀតត្រូវដកឃ្លា រីឯពាក្យខ្មែរគឺជាប់គ្នា។ ដូច្នេះគឺត្រូវតែប្រើចន្លោះមើលមិនឃើញ ដើម្បីឲ្យពាក្យមួយទៅពាក្យមួយទៀតដាច់ពីគ្នា (យើងមើលមិនឃើញថាដាច់ពីគ្នាទេ) ព្រោះការធ្វើបែបនេះកុំព្យូទ័រអាចដឹងថាជាពាក្យមួយ នៅពេលមានដកឃ្លា បើសិនជាយើងមិនប្រចន្លោះមើលមិនឃើញនៅក្នុងអត្ថបទមួយ រឺប្រយោគមួយ នោះកុំព្យូទ័រសន្មតថាមួយអត្ថបទ រឺមួយឃ្លានោះជាមួយពាក្យ ។ នេះជាមូលហេតុនៅពេលដែលយើងស្វែងរក ការផ្គូរផ្គងពាក្យគន្លឹះដែលយើងបញ្ចូល និងអត្ថបទមិនត្រូវគ្នា នាំឲ្យគ្មានលទ្ធផលបង្ហាញឡើយ។ បញ្ហាមួយទៀតនៅក្នុងការសរសេរពាក្យខ្មែរផងដែរគឺ ការដាក់ជើង ដូចជាការដាក់ជើង “ត” និង ជើង”ដ” ។ នៅពេលយើងសរសេរគឺមើលឃើញដូចគ្នា តែតាមពិតគឺខុសគ្នា ហើយ ចំណែកកុំព្យូទ័រក៏សម្មតថាខុសគ្នាដែរ ឧទាហរណ៍ការសរសេរពាក្យ “បន្ត” និង ពាក្យ “សន្ដោសប្រណី” ។ ពាក្យទីមួយត្រូវចុចជើងដោយក្ដាចុច “ត” (Key « t ») រីឯពាក្យទីពីរ ត្រូវប្រើជើង “ដ” (Key « d ») ។ ដូច្នេះហើយ ទាំងអ្នកសរសេរអត្ថបទ ទាំងអ្នកសរសេរពាក្យគន្លឹះស្វែងរក គឺត្រូវសរសេរពាក្យខ្មែរឲ្យបានត្រឹមត្រូវតាមប្រកប និង ក្ដាចុចយូនីកូដ ហើយមិនត្រូវភ្លេចប្រើចន្លោះមើលមិនឃើញ។ ខាងក្រោមជាឧទាហរណ៍ នៃការស្វែងរកដោយប្រពាក្យមិនបានត្រឹមត្រូវ និងការវាយអក្សរបានត្រឹមត្រូវតាមប្រកដនិងក្ដាចុចយូនីកូដ។
No comments:
Post a Comment