Pages


Education is both a tool of social justice as well as a fundamental driver of economic development.

Friday, March 7, 2014

បរិយាកាសសង្គម​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍន៍ជាតិរបស់​យុវជន

យុវជន​​គឺ​ជា​ធនធានស្នូល​នៅក្នុង​ការ​កំណត់​អនាគត់​របស់ ​សង្គម​ជាតិ។ មិន​ថា​ជាតិសាសន៍​​ណាក៏​ដោយ ការ​អភិវឌ្ឍ​សង្គមជាតិ គឺ់ជាតួនាទីរបស់​​អ្នកដឹកនាំ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះយុវជន​​គឺជា​ធនធាន​មួយមិនអាច​ខ្វះបាន។ តួនាទីរបស់អ្នក​ដឹកនាំ​ប្រទេស​ ក៏ត្រូវ​ផលិតនូវធនធាន​យុវជន​ដែលប្រកបដោយ​គុណភាព​ខ្ពស់ (មានគំរិតអប់រំ​​ខ្ពស់ សមត្ថភាពខ្ពស់ ភាពឈ្លាសវៃ ហើយ​ប្រកប​ដោយ​សីលធម៌​ឧត្ដមគតិ សេ្នហា និង​ ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រកដ​) ។​ ប៉ុន្តែបើ​សង្កេត​ទៅមើលស្ថានភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​ប្រកប​ដោយភាពអនាធិបតេយ្យ​ (មិនមែន​ប្រជាធិបតេយ្យទេ) ភាពមិនច្បាស់លាស់​របស់​ថ្នាក់​ដឹកនាំ បរិយាកាសអប់រំ មិនប្រក្រតី អំពើពុករលួយ ជាពិសេសការលាបពណ៌ពីសទៅ​ខ្មៅ ពីខ្មៅទៅស ភាពគ្មាន​​ទំនួលខុសត្រូវ។ បញ្ហា​ទាំងនេះ​បាន​កំពុង​​ដឹកនាំ​មាគ៌ាប្រទេសនេះ​​​ឲ្យឈាន​ទៅរក​ការអភិវឌ្ឍ​ មួយ​ប្រកបដោយភាពមិនច្បាស់លាស់​ មិនថាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍន៍​ធនធានមនុស្សផងដែរ។ ដោយ​ស្ថានភាព​បែបនេះ​​ហើយ ទើបធ្វើ​​ឲ្យធនធាន​យុវជន​មួយចំនួនធំ​មិនមែន​​ ជាធនធានដែលចូលរួមអភិវឌ្ឍន៍ជាតិពិត​ប្រាកដ តែផ្ទុយទៅវិញ​ជាធនធាន​ដែលចូលរួម​​បំផ្លាញជាតិ។
តាមរយះការសង្កេត​ តាមដានពីបរិយាកាសសង្គមកម្ពុជា​ខ្ញុំ​អាច​ធ្វើការ​សង្ខេប​ជា​បួន​សណ្ឋាន​សំខាន់ៗដូចខាងក្រោម៖
១. បរិយាកាស​សង្គមដែល “ភ្នែកភ្លឺ តែ​មើលមិនឃើញអ្វីដែលជា​ការពិត” ។ ដោយសារ​សង្គមមួយ​​ប្រកប​ដោយ​ភាពអនាធិបតេយ្យ ការលាបពណ៌បិទបាំង​នូវការ​ពិត ភាពគ្មានទំនួល​ខុស​ត្រូវ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូច​ជាយុវជន​​មួយ​ចំនួនធំដែលមិន​បាន​រិះគិត​ពិចារណា និង ស្វែងយល់ពីការពិត ធ្លាក់ទៅក្នុងរណ្ដៅ​មួយដែល​ងាយ​ស្រួលឆបោក និង​គេងប្រវ័ញ្ច​យក​ចំណេញ​សំរាប់​បក្សពួក​ ​ក្រុមគ្រួសារ អ្នក​ដែលមានលុយ​ មានអំណាច។
២. បរិយាកាស​សង្គមដែល “ត្រចៀក​ស្ដាប់លឺតែស្ដាប់មិន​លឺនូវអ្វីដែលជាការពិត“។ បញ្ហានេះគឺ​កំពុង​ស្ថិតនៅ​ក្នុង​កំរិត​​មួយ​ដែល​ធ្ងន់ធ្ងរ​ក្នុង​​ សង្គមខ្មែរ​បច្ចុប្បន្ន។ ជាក់ស្ដែង​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួនធំ បាន​កំពុងចូលរួម​យ៉ាងសកម្ម​​ក្នុងការ​ផ្សព្វផ្សាយ​ពត៌មានមិនពិត ពត៌មាន​ដែលមិនឆ្លុះ​បញ្ចាំងពីតត្តភាព​ជាក់ស្ដែងរបស់សង្គម មិន​ឆ្លុះបញ្ចាំងពីភាពក្រីក្រ មិនឆ្លុះបញ្ចាំងពីទុក្ខ​លំបាក​របស់​រាស្រ្ដ ។ មិន​តែប៉ុណ្ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​បាននឹងកំពុងផ្សព្វផ្សាយពីភាព ​សប្បាយរីករាយ ពី​ការ​ភ្លើត​ភ្លើន ដែលធ្វើឲ្យយុវវ័យ​ឆ្លក់​វង្វេង និង​ភ្លេចគិត​ពី​ការចូលរួមកែប្រែសង្គមជាតិ​​ឲ្យបានល្អប្រសើរ ។ ​បញ្ហានេះ​ហើយ​​ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ស្ដាប់​មិនបានទទួល​ មិន​បាន​ស្ដាប់​លឺពត៌មានពិត ព្រោះអ្នក​ដែល​ផ្ដល់ពត៌មាន គ្មានមនសិការ​ក្នុងការ​បង្ហាញ​ចំនុចមិនល្អ​របស់ខ្លួន ដើម្បីកែលំអរទាំងអស់គ្នា។
៣. បរិកាស​សង្គម​ដែល “មាត់និយាយបាន តែមិនអាចនិយាយនូវអ្វីដែលជាការពិត“។ ការបញ្ចេញ​មតិយោបល់​ ដែល​ឆ្លុះ​បញ្ចាំង​ពីបញ្ហាសង្គម ពីតំរូវការ​របស់​ប្រជាពលរដ្ឋ គឺជាតំរូវការ​​ចាំបាច់ និង​អាចនិយាយ​បាន​ដោយ​សេរី ក្នុង​សង្គមមួយដែល​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រកដ ។​ តែផ្ទុយ​ទៅវិញ​ នៅ​ក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន បានរិតត្បិត គំរាមកំហែង និង​វាយ​ប្រហារ​ដល់ជនណា​​ដែល​ហ៊ាន​និយាយ​ការពិត ឬក៏តស៊ូ​មតិ​​ដើម្បី​ស្វែងរក​ការពិត​ ត្រឹម​ត្រូវ ។ ជាក់ស្ដែង​ដូច​ជា​អ្នកកាសែត អ្នកតស៊ូមតិ ប្រឆាំងតវារកការពិត​យុត្តិធម៌ សំរាប់តំបន់បឹងកក់ បុរីកីឡាជាដើម ត្រូវបាន​គំរាម​គំហែង​ វាយធ្វើបាប និងចាប់យកទៅដាក់គុក​ដោយ​អយុត្តិធម៌។
៤. បរិយាកាស​សង្គមដែល​ “មានគំនិត តែគ្មានឱកាស​ប្រើប្រាស់គំនិត“។ ដោយ​ប្រកាន់​យកនូវ​របប​បក្សពួកនិយម ​របប​អំពើពុករលួយ បានធ្វើឲ្យឱកាស​នៃការចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេសគឺ​យុវជន​មានភាព​មិន​ស្មើគ្នា។ កត្តានេះបាន​​ធ្វើ​ឲ្យ​បាត់បង់ ធនធាន​យុវជន​​ដែលមាន​គុណភាពពិត​ប្រាកដក្នុងការ​​ចូលរួម​​កែប្រែសង្គម​ជាតិ​ ឲ្យបាន​ល្អប្រសើរ។ នៅបណ្ដា​ប្រទេស​អភិវឌ្ឍន៍ ក៏ដូច​ជាប្រទេសកំពុង​អភិវឌ្ឍន៍​ជាច្រើន គឺ​គេ​ត្រូវការយុវជន ដែលមានគុណភាពពិត​ប្រាកដ មាន​គំនិតច្នៃប្រឌិត និងឈ្លាសវៃ ក្នុងការ​ចូលរួម​យ៉ាងសកម្មបំរើដល់​សេចក្ដី​ត្រូវការ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទូទៅ​ ។
តាមរយៈការបកស្រាយ​ដោយ​សង្ខេប​ខាងលើ ខ្ញុំបាទក្នុងនាម​ជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយ​រូប គ្រាន់តែចង់ចូលរួម​ចែករំលែក និងបង្ហាញពី​តត្តភាព​សង្គមកម្ពុជា​បច្ចុប្បន្ន។ ​បញ្ហាទាំង​នេះ គឺ​ជា​រនាំង​ដ៏ចំបង​មួយ​ដល់​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ស្ថាបនា​ជាតិ។ ការសន្និដ្ឋានទាំងនេះ គឺបាន​មក​តាមរយៈការ​​សង្កេត​តាមដាន​ និង​ស្វែងយល់​ការពិត មួយរយៈកន្លង​មកនេះ។ ដូច្នេះ​ ក្នុង​នាមយើង​ជា​ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលជា​ធនធានស្នូល​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ យើង​ត្រូវ​តែចូល​រួម​លុប​បំបាត់បរិយាកាស​សង្គមដ៏​អាក្រក់ដូចដែលរៀបរាប់​ខាង​ លើ ឲ្យសាប​សូន្យ​ពី​សង្គម​ជាតិ​យើង។ ដើម្បីលុបបំបាត់បញ្ហាទាំង​នេះបាន​ មាន​កិច្ចការ​មួយចំនួនដែល​យើងត្រូវធ្វើរួមគ្នា​ ដូចជា៖ ដំបូងយើង​ត្រូវ​តែចាប់ផ្ដើមផ្លាស់ប្ដូរ​ផ្នត់​គំនិត​​របស់​យើង​ផ្ទាល់​ (ផ្លាស់ប្ដូរពីអាត្មានិយម បក្សពួក ក្រុមគ្រួសារ​និយម ទៅជាជាតិ​និយម) ​ហើយ​ត្រូវ​តែពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះ​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ​។ បន្ទាប់​មក​ត្រូវ​តែ​ចែករំលែក និងផ្ដល់ពត៌មាន​ពិត​ ដល់បងប្អូន សាច់ញាតិ ក្រុម​គ្រួសារ មិត្តភក្ដិទាំងឡាយ​ ដើម្បីឲ្យពួកគាត់​ស្វែងយល់​ និង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ទៅរកភាព​ល្អប្រសើរ​ដូចយើង​ដែរ។ ការងារ​មួយ​ទៀត​ គឺ​ត្រូវតែមានសាមគ្គីភាព អំនត់​តស៊ូ និង​មិនអស់សង្ឃឹមក្នុង​ការ​ស្វែង​រក​ការពិត យុត្តិធម៌​ជូន​សង្គម​ជាតិ។ កិច្ចការបន្ទាប់នោះគឺ មនសិការ និង​ការឲ្យតំលៃខ្ពស់​ចំពោះគ្នា​ទៅវិញ​ទៅមក និងរើសយក​​អ្នក​ដឹក​នាំដែល​ប្រកប​ដោយសមត្ថភាព ឧត្ដមគតិ ​គុណធម៌ សីលធម៌ និង​​​​ឆន្ទៈស្នេហាជាតិ​ពិត​​ប្រាកដ។
នៅពេល​ដែលយើងអាច​លុប​បំបាត់បរិយាកាសដ៏​អាក្រក់​​​ នៅក្នុង​សង្គម​ជាតិ​យើងបាន​ នោះយើង​នឹង​អាច​ចូលរួម​​ធ្វើ​ការ​សំរេចចិត្តទាំងអស់គ្នា ដើម្បី​កែប្រែមុខ​មាត់​ជាតិឲ្យមាន​ការរីកចំរើនពិតប្រាកដលើ​គ្រប់វិស័យ មាន​សេចក្ដី​សុខ​សន្តិភាព សេរីភាព និងប្រកប​ដោយលទ្ធិ​ប្រជាធិបតេយ្យ​ពិ​តប្រាកដ។

No comments:

Post a Comment