Pages


Education is both a tool of social justice as well as a fundamental driver of economic development.

Wednesday, January 30, 2013

បញ្ហា​នៅ​ក្នុង​ការ​ស្វែង​រក​ឯក​សារ​ជា​ភាសា​ខ្មែរ​ក្នុង​បណ្ដាញ​ស្រាវជ្រាវ​អ៊ីន​ធឺ​ណែត​

ស្របទៅ​នឹង​សម័យ​កាល​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​ បាន​​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​ និង​ការ​សិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​​។​ ជាមួយ​គ្នា​នេះ​ នៅ​ពេល​ដែល​យើង​ចង់​ស្វែង​រក​ពី​បញ្ហា​អ្វី​មួយ​ ​យើង​តែង​តែប្រើ​ប្រព័ន្ធ​អ៊ីនធឺណែត​​សំរាប់​ស្រាវជ្រាវ (Search Engine) ដែល​ភាគច្រើន​និយម​ប្រើ​គេហទំព័រ​ Google ។ ក្រៅ​ពី​គេហទំព័រ Google ក៏នៅ​មាន​ប្រព័ន្ធ Search Engine សំរាប់​ស្រាវ​ជ្រាវ​ ដូចជា​ Bing, Yahoo និង ផ្សេងៗទៀត។ នៅ​ពេល​នេះ​ខ្ញុំ​ចង់​និយាយ​ពីការ​ស្វែងរក​ឯក​សារជា​ភាសា​ខ្មែរ​​ នៅ​ក្នុង​​ប្រព័ន្ធ​ស្រាវជ្រាវ Google ។ ជា​ធម្មតា​រាល់​គេហទំព័រ​ដែល​មាន​នៅ​ទូទាំង​ពិភពលោក​ គ្រប់​ភាសា​ ត្រូវ​បាន​បញ្ចូល ​(Indexing) ទៅ​ក្នុង​​ប្រព័ន្ធ​ស្រាវជ្រាវ​​ (Search Engine) ។​ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ (Key word) ដើម្បី​ស្វែង​រក​ឯកសារ​អ្វី​មួយ នោះ​ប្រព័ន្ធ​ស្រាវជ្រាវ រឺ ម៉ាស៊ីនស្វែង​រក​នឹង​បង្ហាញ​ឯកសារ​នៅ​គេហទំព័រ​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​គន្លឹះ​ដែល​យើង​ស្វែង​រក។​ ជាទូទៅ​ឯកសារ​ដែល​បង្ហាញ​នោះ​ក្នុងភាសា​​ដូច​នឹង​ពាក្យ​គន្លឹះ​ដែល​យើង​បញ្ចូល​ មាន​ន័យ​ថា បើ​ពាក្យ​គន្លឹះ​ដែល​យើង​វាយ​បញ្ចូល​ជា​ភាសា​អង់គ្លេស នោះ​ឯកសារ​នឹង​បង្ហាញ​ជា​ភាសា​អង់គ្លេស តែ​បើ​យើង​បញ្ចូល​ជា​ភាសា​ខ្មែរ​ នោះ​ឯកសារ​នឹង​បង្ហាញ​ជា​ភាសាខ្មែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​នៅ​ពេល​ដែល​យើង​ស្វែង​រក​ឯក​សារ​ជា​ភាសាខ្មែរ​ ត្រង់ ៖

បញ្ហា​ទី១ ចំនួនឯកសារជាភាសា​ខ្មែរ​នៅ​បណ្ដាញ​អ៊ីនធឺណែត​មាន​ចំនួន និង​ មិន​បាន​គ្រប់​ផ្នែក ដូចដែលយើង​គ្រប់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា​ កម្ពូជា​យើង​ទើប​តែ​មាន​ការ​រីក​ចំ​រើន​ខ្លះៗ​ផ្នែក​បច្ចេកវិទ្យា​ ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ហើយ​ បើ​និយាយ​ពី​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​អ៊ីនធឺណែត​ គឺនៅ​មាន​កំរិត​នៅ​ឡើយ​ និង​មិនបាន​គ្រប់​ផ្នែក​នោះទេ​ ជាពិសេស​ផ្នែក​ការសិក្សា​អប់​រំ​ស្រាវជ្រាវ និង​ ផ្នែក​ពត៌មាន​វិទ្យា​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ គឺ​គេហទំព័រ​មួយចំនួន​របស់​ខ្មែរដែលបាន​ផ្សព្វ​ផ្សាយ​ បាន​សរសេរ​នៅ​ក្នុង​ភាសា​បរទេស​ថែមទៀត រីឯ​ភាសា​ជាតិ​របស់​ខ្លួន​បែរ​ជា​មិន​មាន​ទៅ​វិញ​ (គេហទំព័រ​ដែល​ល្អ​គឺគួរ​តែ​ប្រើ​ជាភាសា​​ជាតិ​ខ្លួន​ជា​ចំបង និង​ប្រើ​ភាសា​បរទេសជាភាសា​បន្ទាប់ មានន័យថា ក្នុង​គេហទំព័រមួយ យ៉ាង​តិច​មាន​២ភាសា) ​។​ ហើយ​បើ​តាម​ការ​សង្កេត​របស់​​ខ្ញុំ គេហទំព័រ​របស់​ខ្មែរ​មួយ​ចំនួនធំ​ដែល​មាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត ភាគច្រើន​ជា​គេហទំព័រសារពត៌មាន ការ​កំសាន្ដ​ (តន្រ្តី) រឺ គេហទំព័រ​ស្ដី​ពី​ក្រសួង​ ស្ថាប័ន អង្គការ​ជា​ដើម ហើយ​ក្នុង​នោះ​ក៏​មាន​ប្លុក​ជា​ភាសា​ខ្មែរ​ផង​ដែរ ​តែ​និយម​និយាយ​ពី​បញ្ហាទូទៅ ផ្ទាល់​ខ្លួន​។ រីឯ​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​ផ្នែក​អប់រំ សិក្សា​ស្រាវជ្រាវ ជា​ពិសេស​ផ្នែក​ពត៌មាន​វិទ្យា​ គឺ​នៅ​មាន​កំរិត​ រឺ អាច​ថា​គ្មាន​។ ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជិតខាង​យើង ក៏​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​​ គេ​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណែត​សំរាប់​ផ្សព្វ​ផ្សាយភាសា ​វប្បធម៌​ អរិយ​ធម៌ ចំណេះដឹង និង​សមិទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ឯក​សារ​សំរាប់​ការ​សិក្សា​ផ្សេងៗ​ ​សំរាប់​ឲ្យ​អ្នក​ស្រាវជ្រាវ​យក​មក​ធ្វើ​ជា​ឯក​សារ​យោង និង ការ​ពង្រីក​ចំណេះ​ដឹង​ផង​ដែរ​។ ដោយ​ភាព​ភាព​ក្សត់​ខ្សោយ​នៃ​ឯក​សារ​ក្នុង​ភាសា​ខ្មែរ​ជាតិ​ខ្លួន​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ស្រាវ​​មួយ​ចំនួន​មាន​ការ​លំ​បាក​ក្នុង​ការ​ស្វែង​រក​ ហើយ ពេល​ខ្លះ​ត្រូវ​បង្ខំ​​ចិត្ត​ស្វែង​រក​ជា​ភាសា​បរទេស (មិន​ចង់​បាន​ន័យ​ថា ភាសា​បរទេស​មិន​ល្អ​ទេ តែ​ការ​ប្រើ​ប្រាស់​ភាសា​ផ្ទាល់​ខ្លួន​ងាយ​យល់ និង​ប្រើ​ពេល​វេលា​ខ្លី​សំ​រាប់​ការ​សិក្សា​ស្វែង​យល់ ហើយ ក៏​ជា​ការ​ឲ្យ​តំលៃ​ភាសា​​ជាតិ​ខ្លួន​ដែរ​) ។​ តែ​ខ្ញុំ​សង្ឃឹម​ថា​ ក្នុង​រយៈ​កាល​ដ៏​ខ្លី​ខាង​មុខ ឯកសារ​សិក្សា​ស្រាវជ្រាវ​ ជាពិសេស​ចេញ​មក​ពី​ស្ថាប័ន​អប់រំ​ ក៏​ដូច​ជា​អ្នក​សិក្សា​ទាំង​ឡាយ​ កាន់​តែ​មាន​ច្រើន​នៅ​លើ​បណ្ដាញ​​អ៊ីនធឺណែត​។ ខាង​ក្រោម​ជា​ឧទាហរណ៍​នៃ​ការ​ស្វែង​រក​នៅ​ក្នុង​ប្រព័ន្ធស្រាវជ្រាវ Google ជាមួយពាក្យ​គន្លឹះ “បច្ចេកវទ្យា” និង​ការ​ប្រៀបធៀប​លទ្ធផល​ឯកសារ​ជា​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស និង ភាសា​ឥណ្ឌូនេស៊ី។ ចំនួន​​ឯកសារ​បង្ហាញ​នៅ​​ក្នុង​រង្វង់​ព័រ​ក្រហមក្នុង​រូបភាព​ខាង​ក្រោម​ ដែល​ក្នុង​នោះ​យើង​សង្កេត​ឃើញ​ថា​ឯក​សារ​ជា​ភាសា​ខ្មែរ​នៅ​មាន​ចំ​នួន​តិច​តួច បើ​ប្រៀប​ទៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី​ ហើយ​បើ​និយាយ​ឯកសារ​ជា​ភាសា​អង់​គ្លេស​វិញ​មាន​ចំនួន​ច្រើន​លើស​លុប​។

បញ្ហាទី២ ការវាយ​អក្សរខ្មែរ និង ពុម្ពអក្សរខ្មែរ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត (គេហទំព័រ) បច្ចុប្បន្ននេះ​គេហទំព័រ​មួយចំនួន​ធំ​បាន​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដហើយ​ តែនៅ​មាន​មួយ​ចំនួនតូច​នៅ​ប្រើ​ពុម្ព​អក្សរ​ពី​សម័យ​មុន​។ បញ្ហានេះ​ នៅ​ពេល​ដែល​យើង​បញ្ចូល​ពាក្យ​គន្លឹះ​ដោយ​ប្រើ​ពុម្ព​យូនីកូដ នោះ​ម៉ាស៊ីន​ស្រាវជ្រាវ​នឹង​មិន​បង្ហាញ​លទ្ធផលអត្ថបទ​ដែល​មិន​ប្រើ​យូ​នីកូដ​​ឡើយ​ ព្រោះ​ម៉ាស៊ីន​កុំ​ព្យូទ័រ​​សម្មត​ថា​ខុស​គ្នា​ ទោះ​បីអត្ថ​បទ​នោះ​ដូច​​នឹង​ការ​ចង់​បាន​របស់​យើង​ក៏​ដោយ​។ មួយវិញ​ទៀត​ គឺ​ការ​អក្សរ​​យួនីកូដ​ដោយ​មិន​បាន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ (Space bar) ។​ដោយ​សារ​តែ​ក្ដា​ចុចយួនីកូដ​ ទើប​ទេ​ចេញ​ឲ្យ​ប្រើ​នាពេល​ថ្មីៗនេះ​ ធ្វើ​ឲ្យ​​អ្នក​ខ្លះ​មិន​ទាន់​ទំលាប់​ ហើយ ពេល​ខ្លះ​មិន​បាន​ដឹង​ពី​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ចន្លោះ​មើល​មិន​ឃើញ ។ ចន្លោះ​មើល​មិន​ឃើញ​ មាន​ប្រយោជន៍​សំរាប់​ញែក​ពាក្យ​ឲ្យ​ដាច់​ពី​គ្នា ព្រោះ​ភាសា​ខ្មែរ​យើង​មិន​ដូច​ភាសា​អង់គ្លេស ដែល​ពីពាក្យមួយទៅ​ពាក្យ​មួយទៀត​ត្រូវ​ដក​ឃ្លា រីឯពាក្យ​ខ្មែរ​គឺជាប់​គ្នា​។ ដូច្នេះ​គឺត្រូវ​តែ​ប្រើចន្លោះ​មើល​មិន​ឃើញ​ ដើម្បី​ឲ្យ​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ​ទៀត​ដាច់​ពី​គ្នា​ (យើង​មើល​មិនឃើញ​ថា​ដាច់​ពី​គ្នាទេ) ព្រោះ​ការ​ធ្វើ​បែប​នេះ​កុំព្យូទ័រ​អាច​ដឹង​ថា​ជាពាក្យមួយ​ នៅ​ពេល​មាន​ដក​ឃ្លា បើ​សិន​ជា​យើង​មិន​ប្រ​ចន្លោះ​មើល​មិន​ឃើញ​​នៅ​ក្នុង​អត្ថបទ​មួយ រឺ​ប្រយោគ​មួយ​ នោះ​កុំព្យូទ័រ​សន្មតថា​មួយអត្ថបទ​ រឺ​មួយឃ្លា​នោះ​ជា​មួយពាក្យ ។ នេះ​​ជាមូល​ហេតុ​នៅ​ពេល​ដែល​យើង​ស្វែង​រក​ ការផ្គូរ​ផ្គង​ពាក្យគន្លឹះ​ដែល​យើង​បញ្ចូល និង​អត្ថបទ​​មិន​ត្រូវ​គ្នា នាំឲ្យ​គ្មាន​លទ្ធផល​បង្ហាញ​ឡើយ។​ បញ្ហា​មួយទៀត​នៅ​ក្នុង​ការ​សរសេរ​ពាក្យ​ខ្មែរ​ផង​ដែរ​គឺ ការ​ដាក់​ជើង​ ដូចជា​ការ​ដាក់​ជើង​ “ត” និង ជើង​”ដ” ។​ នៅ​ពេល​យើង​សរសេរ​គឺ​មើល​ឃើញ​ដូច​គ្នា​ តែ​តាម​ពិត​គឺ​ខុសគ្នា ហើយ ចំ​ណែក​កុំព្យូទ័រ​ក៏​សម្មតថា​ខុសគ្នា​ដែរ​ ឧ​ទាហរណ៍​ការសរសេរពាក្យ “បន្ត” និង ពាក្យ “សន្ដោស​ប្រណី” ។​ ពាក្យទីមួយត្រូវ​ចុចជើង​ដោយ​ក្ដាចុច “ត” (Key « t ») រីឯពាក្យទីពីរ ត្រូវ​ប្រើ​ជើង “ដ” (Key « d ») ។ ដូច្នេះ​ហើយ ទាំង​អ្នក​សរសេរអត្ថបទ ទាំង​អ្នក​សរសេរ​ពាក្យ​គន្លឹះស្វែង​រក គឺ​ត្រូវ​សរសេរ​ពាក្យ​ខ្មែរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្រកប​ និង ក្ដា​ចុច​យូនីកូដ ហើយ​មិនត្រូវ​​ភ្លេច​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​។​ ខាង​ក្រោម​ជា​ឧទាហរណ៍ នៃ​ការស្វែង​រក​ដោយ​ប្រពាក្យ​មិន​បាន​ត្រឹម​ត្រូវ​ និង​ការ​វាយ​អក្សរ​បាន​ត្រឹម​ត្រូវ​តាម​ប្រកដ​និង​ក្ដា​ចុច​យូនីកូដ​។

Friday, January 18, 2013

សិក្សាកម្មវិធី Java ភាគ១

កម្មវិធី Java ជាភាសាប្រូក្រាមកុំព្យូទ័រ (Programming Language) ដែលកំពុងពេញនិយមពីសំណាក់​​អ្នក​សិក្សា​ផ្នែក​ពត៌មាន​វិទ្យា ​ ក៏ដូចជា​​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ និង ទូរស័ព្ទ។​ នៅពេលនេះ​ខ្ញុំ​ចង់​លើក​យក​មក​បង្ហាញ​ពី​កម្មវិធី​នេះ​ ដើម្បី​ចែក​រំលែក​ការ​ចេះ​ដឹង​ខ្លះៗ​ដល់​អ្នក​សិក្សា​ពត៌មាន​វិទ្យា​ អ្នក​ដែល​ចូល​ចិត្ត​និង​ មាន​បំណង​បង្កើត​កម្មវិធី​​ជាមួយ​ Java ហើយ​ក៏ដើម្បី​បង្កើន​ការយល់​​ដឹង​ផ្ទាល់​ខ្លួន​ឯងដែរ​ និង​ ទទួល​យក​ការ​រិះគន់​កែ​លំអរ​ពី​សំណាក់​អ្នក​ទាំង​អស់​គ្នា។

ជាដំបូង​ ខ្ញុំ​សុំ​និយាយ​ពី​ប្រវិត្តិ​បន្តិចបន្តួច​ពី​កម្មវិធី​ Java ដើម្បីជា​ស្ពាន​ឈាន​ដល់​ការ​សរសេរកម្មវិធីនេះ​​។​ នៅ​កំឡុង​ឆ្នាំ​ ១៩៩១ ក្រុមវិស្វករ​ក្រុមហ៊ុន Sun ដែលដឹកនាំដោយ​ Patrick Naughton និង James Gosling​ មានបំណង​ចង់​បង្កើតភាសា​កុំព្យូទ័រ​សំរាប់​​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធដូចជា Cable TV Box ។ ដោយសារ​ប្រព័ន្ធ​នោះ​មាន​កំរិត​អង្គចងចាំ (Memory) តូច ដូច្នេះ កម្មវិធី​ក៏ត្រូវ​មាន​ទំហំតូច និង មានកូដ (Code) ដែលអាចមើល​ឃើញ។ ហើយម្យ៉ាងទៀត ដោយសារ ក្រុមហ៊ុនផលិតកុំព្យូទ័រ​ផ្សេងៗគ្នា នាំឲ្យការ​ជ្រើស​រើស Processor ខុសៗគ្នា ដូចច្នេះភាសាប្រូក្រាមនេះ​ត្រូវ​តែ​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ Processor រឺ​ ប្រព័ន្ធ​ប្រតិបត្តិការណ៍​ ដែលអាចហៅថា Cross Platform ។ គំរោងនេះ ត្រូវបាន​ដាក់ឈ្មោះថា « Green » ។ គំរោង Green នេះបាន​ប្រើ​ប្រាស់ Virtual Machine ដើម្បី​ដោះស្រាយ​លើ​បញ្ហា Cross Platform រឺ អាចថា ដើម្បី​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរ​ការ​បាន​លើ​គ្រប់​ម៉ាស៊ីនកុំព្យូទ័រ។ ដោយសារ អ្នកនៅ​ក្នុង​គំរោង​ Green ភាគច្រើន​អ្នក​ជំនាញ​ខាង C++ នាំឲ្យ​ភាគច្រើនកូដ (Syntax) យក​លំនាំ​តាម​ C++ ហើយ​​ ជាប្រភេទភាសា Object Oriented មិនមែនបែប Procedural. ដំបូងភាសានេះ ត្រូវបានដាក់ឈ្មោះ​ដោយ​ James Gosling ថា “Oak” ប៉ុន្តែដោយសារ​ឈ្មោះនេះ មានរួចមកហើយ នាំឲ្យ SUN ប្ដូរទៅ​ជា​ភាសា Java ដែល​ឈ្មោះ​នេះ​នឹក​ចេញ​​​​នៅពេលពួកគេ​កំពុងអង្គុយ​ផឹកកាហ្វេ​នៅ​ហាង​ការហ្វេមួយ ដោយ​មិត្ត​ម្នាក់​ក្នុង​ចំនោម​ពួក​គេនិយាយពីពាក្យ Java ដោយ​អចេតនា ដើម្បី​បង្ហាញ​ពី​ប្រភព​នៃគ្រាប់​ពូជ​កាហ្វ​ដែល​កំពុង​ផឹក ពេលនោះ​ពួកគេ​ក៏​យល់ព្រម​គ្នា​ដាក់​ឈ្មោះថា Java តែម្ដងទៅ។​ ផលិត​ផល​ដំបូង​របស់​គំរោង Green គឺ Star 7 ដែល​ជា​កម្មវិធី​​មួយ​​សំរាប់​គ្រប់​គ្រង​ចំងាយ​ឆ្ងាយ​ដ៏ឆ្លាតវៃ។ ដោយសារតែ​ទី​ផ្សារ​មិន​ទាន់​​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​ផលិតផល​ដ៏ឆ្លាតវៃនេះ នាំឲ្យ​គំរោង​ Green ត្រូវតែស្វែងរកទី​ផ្សារ​ផ្សេង​ទៀត​ពី​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​ផលិត។ នៅពេល​នេះ​ផង​ដែរ​ បច្ចេកវិទ្យា​ខាង​អ៊ីនធឺណែត​​កំពុងតែ​រីក​សុះ​សាយ​ និង ពេញ​និយម​ នាំ​ឲ្យ​អ្នកគ្រប់គ្រងគំរោង Green នេះ ក៏បាន​ប្រើប្រាស់​ Java សំរាប់​ការ​បង្កើត​វែប​សាយ​ផង​​ដែរ​។

តាមរយៈការបកស្រាយរបស់ក្រុមហ៊ុន SUN ភាសាប្រូក្រាម Java មាន​លក្ខណៈពិសេស​មួយ​ចំនួន​ដូច​ខាងក្រោម​៖

  • សាមញ្ញ ដែលមានន័យចថា ភាសាប្រូក្រាមនេះមានភាពងាយស្រួលប្រើប្រាស់ ហើយ​ មាន​កូដ (Syntax) ប្រហាក់ប្រហែលនឹង​ C++ តែ ចំពោះ Java បានកែប្រែមួយចំនួន ដូចជា លុបបំបាត់​នូវ Pointer ដែលពិបាកក្នុងការប្រើប្រាស់ ហើយ Java ក៏បានបន្ថែម multiple inheritance និង automatic memory allocation និង memory garbage collection ។
  • Object Oriented នៅក្នុងភាសា Java ផ្អែកលើ Object Oriented ដែលកម្មវិធីត្រូវ​បាន​បង្កើត​ជា​​ម៉ូឌុល (Module) សំរាប់អាចយកមកប្រើប្រាស់បាននៅពេលក្រោយ រឺ សំរាប់​ប្រើក្នុង​កម្មវិធី​ផ្សេង​ទៀត​។
  • Interpreted ភាសា Java ត្រូវដំណើរដោយប្រើប្រាស់ Java Virtual Machine (JVM) សំរាប់បក​ប្រែ​កូដ​ទៅ​ជាកូដម៉ាស៊ីន រឺ Bytecode ដែលអាចដំណើរការបាននៅគ្រប់ម៉ាស៊ីន រឺ Platform ។
  • Robust កម្មវិធី Java មានសមត្ថភាព​ខ្ពស់និងជាក់លាក់​ ក្នុង​ការ​ពិនិត្យ​មើលកំហុសឆ្គង​កូដ​ បើប្រៀបទៅនឹង​ភាសា​ប្រូក្រាម​ផ្សេងៗទៀត​។ ការពិនិត្យកំហុសឆ្គងនេះ គឺ Java បានប្រើ​ប្រាស់​ Runtime-Exception Handling ដែលអាចត្រួតពិនិត្យ និង បង្កភាពងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់។
  • សុវត្ថិភាព (Secure) ការប្រើប្រាស់ Java ការបង្កើតកម្មវិធីអ៊ីនធឺណែត Java បានបំពាក់នូវ​ ម៉ូឌុល​មួយចំនួន​បង្កើនប្រ​ព័ន្ធ​សុវត្ថិភាព ពីការ​ជ្រៀតជ្រែកពីសំណាក់​អ្នក​ប្រើ​ប្រាស់ទាំងឡាយ។
  • Portable មានន័យថា Source code រឺ កម្មវីធី Java អាចយកទៅប្រើប្រាស់នៅក្នុង Platform កុំព្យូរទ័រ​ណា​ក៏បាន ដោយ​មិន​បាច់​ Compile កម្មវិធីនោះម្ដងទៀតទេ។

នៅពេលនេះ​និយាយពី​ការ​ប្រើ​ប្រាស់​ Java នៅ​ក្នុង Platform Window រឺភាសា​សាមញ្ញ​ថា នៅ​ក្នុង កុំព្យូរទ័រ​ដែល​ប្រើប្រាស់វីនឌូ។ ដើម្បីនឹងអាចដំណើរការកម្មវីធី Java បាន ជាធម្មតាគឺត្រូវតែ Install កម្មវិធី Java សំរាប់ Compile កូដកម្មវិធី Java ដែលនិយាយសាមញ្ញថា សំរាប់​បកប្រែភាសាប្រូក្រាម Java ទៅជា​ភាសា​ម៉ាស៊ីន ដើម្បីឲ្យ​ម៉ាស៊ីន​កុំព្យូរទ័រ យល់​ពីកម្មវិធី​ដែល​យើង​បង្កើត​ និង ដំណើរ​ការ​វា។ ការតំឡើង កម្មវិធី Java មានភាព​ងាយ​ស្រួល​ទេ ដោយ​អនុវត្ត​ជំហ៊ាន​ៗមួយចំនួនដូច​ខាង​ក្រោម ៖

  • ទាញយកកម្មវីធី Java ពីគេហទំព័រណាមួយ ឬ អាចទាញយកនៅទីនេះ
  • បន្ទាប់មក ចុចពីរដងលើកម្មវីធី Java ដែលបាន​ទាញ​យក ដើម្បីតំឡើង ដោយអនុវត្ត​តាម​ការណែនាំ រហូត​បាន​បញ្ចប់​ការ​ដំឡើង​។

ការតំឡើងបានរួចរាល់ ឥឡូវការសរសេរ និង សាកល្បង ដំណើរការកម្មវីធីដែលបានសរសេរ។ ការ​សរសេរកម្មវិធី Java អាច​សរសេរ​លើ​បាននៅ Editor ជាច្រើន ដូចជា Notepad, Notepad++, Gel ហើយនិង​ IDE មួយចំនួនទៀត ដែលកំពុងនិយម គឺ NetBean ដែលអាចទាញយកដោយសេរីនៅ​គេហទំព័ររបស់​ NetBean ហើយបើចង់ប្រាស់ Notepad++ អាចទាញយកនៅទីនេះ

ដោយសារ​តែកម្មវិធី Java ផ្អែកលើ Object Oriented ចឹងទេការសរសេរកម្មវីធី Java ត្រូវគិតពីចំនុចមួយចំនួនដូចជា រាល់​បញ្ហា​ត្រូវ​បំលែង រឺ​ រៀបចំជាថ្នាក់ (Class Object) ដែលនៅក្នុងថ្នាក់មាន Properties រឺ Attributes សំរាប់សំគាល់ថ្នាក់នីមួយៗ។ នៅក្នុងការ​ប្រកាស​លើកក្រោយ នឹងបង្ហាញពិស្ដារពីនិយមន័យ និង របៀបនៃ​ការកំណត់ Class Object ។ នៅក្នុងការសរសេរកម្មវិធី Java ​រាល់​ឯកសារ​ត្រូវមានឈ្មោះថ្នាក់ ហើយ ឈ្មោះឯកសារ​ត្រូវដាក់​ឲ្យដូចនឹងឈ្មោះថ្នាក់នៃកម្មវិធីនេះ។ ខាងក្រោមជាឧទាហរណ៍​ក្នុងការ​សរសេរ​កម្មវិធី Java (ប្រើ Editor Notepad++)៖

បន្ទាប់ពីការសរសេររួច ត្រូវរក្សារទុកដោយដាក់ឈ្មោះ Hello.java ព្រោះយើងបានកំនត់ថ្នាក់វា Hello ។ ដើម្បីដំណើរកម្មវិធី ចុចបើក Command Prompt (cmd) នៅ Search លើ Start Window ដោយសរសេរ cmd រួចបើកកន្លែងដែលរក្សាទុកឯកសារ Java ដែលសរសេរហើយ។ ដើម្បី Compile បន្ទាប់ពីកំណត់ទីតាំងឯកសាររួច នៅក្នុងផ្ទាំង​ cmd ត្រូវសរសេរ Javac Filename.java (ឧទាហរណ៍ javac Hello.java) បន្ទាប់មក ដើម្បីមើលលទ្ធផលនៃការ Compile កម្មវិធី​របស់​យើង​សរសេរ ដោយ​សរសេរ java Filename (ឧទាហរណ៍ java Hello) ។ ដើម្បីឲ្យកាន់តែច្បាស់​ សូម​មើល​ការបង្ហាញ​តាម​រយៈ​រូបភាព​ខាង​ក្រោម បន្ទាប់ពីបើកផ្ទាំង ​cmd ។​ ក្នុងរូបភាពត្រង់បន្ទាត់ក្រហមពីក្រោម របៀបរសរសេរដើម្បី Compile Program ដែលនៅមុនឃ្លា javac Hello.java គឺជា​ទីតាំងដែលឯកសារកម្មវិធី java ដែលបានរក្សាទុក។ តាមរយៈរូបភាពខាងក្រោមបានបង្ហាញថា កម្មវិធីដែលយើងសរសេរ មិន​មាន​កំហុស​​​ឆ្គង រឺ Error ទេ។

បន្ទាប់ពីកម្មវិធីបាន Compile រួចដោយគ្មានកំហុសឆ្គង យើងអាច RUN កម្មវិធី ដើម្បីមើលលទ្ធផល​ដែល​យើង​បាន​សរសេរ ។ មើលរូចខាងក្រោម ដែលត្រង់ទីតាំងលេខ ២ ជាការសរសេរ ដើម្បីឲ្យកុំព្យូរទ័រ RUN កម្មវិធី java ហើយ បន្ទាប់មានលេច ៣ ជាលទ្ធផល​នៃកម្មវិធី​ដេលយើងបាន​សរសេរ​ ៖ កម្មវិធីដំបូងរបស់យើងបានចប់ដោយជោគជ័យ សូមចាំបន្តនៅប្រកាសបន្តបន្ទាប់ទៀត។

Wednesday, January 16, 2013

រៀបចំសៀវភៅ​ផែន​ការ​អាជីវកម្ម

នៅ​ពេល​​ដែល​យើង​មាន​គំនិត​ចង់​ចាប់​ផ្ដើម​​ចូល​ប្រលូក​នៅ​ក្នុង​ការធ្វើ​អាជីវកម្ម រឺ ជំនួញ​ កត្តា​សំខាន់​គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តំរូវ​ការ​ទីផ្សារ​​ ស្រប​នឹង​គំនិត​អាជីវកម្ម​របស់​យើង​។ បន្ទាប់​ពី​ការ​សិក្សាវិភាគពី​​ទីផ្សារ ការងារ​ចំបង​មួយ​ដែល​មិន​ត្រូវ​រំលង​នោះ​គឺ​សរសេរ​ពី​ផែន​ការ​អាជីវកម្ម​ ព្រោះ​វា​មាន​សារៈសំខាន់​សំរាប់​ស្វែង​រក​ដៃ​គូរ​វិនិយោគ ក៏ដូច​ជា​ការ​ស្វែង​រក​ដើមទុន​បន្ថែម​សំរាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​។ ខាង​ក្រោម​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពីចំនុច​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ពង្រាងដើមនៃសៀវភៅ​ផែនការ​អាជីវកម្ម។​ នៅក្នុង​ពង្រាងដើម​នៃ​ផែនការ​អាជីវកម្ម យើងត្រូវដឹង​ច្បាស់ថា តើពត៌មានអ្វីដែល​គួរ​មាន និងមិនគួរមាននៅ​ក្នុងផ្នែក​នីមួយៗ​នៃផែនការ​នោះ។

១. ក្របមុខ (Cover Page)

ក្របមុខគឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។​ ក្របនេះគួរឆ្លុះបញ្ចាំងនូវ image នៃក្រុម​ហ៊ុន​ថ្មីរបស់​យើង។ ជាទូទៅ​វា​ឆ្លុះបញ្ចាំង​ភាព​សាមញ្ញ ងាយអាន ងាយមើលយល់ តែមានភាពស្រស់ស្អាត។ ក្របខ្លះទៀត​វា​ត្រូវបាន​គេរចនា​ទៅ ដោយ​គំនូរ​ជាដើម។ ទោះបី​ជា​​យ៉ាង​​ណា​​ក៏ដោយ នៅលើ​ក្រប​នៃ​សៀវភៅផែន​ការអាជិវកម្ម​ត្រូវមានពត៌មាន​មួយចំនួនដែល​​ចាំបាច់​ដូចខាង​ក្រោម​៖

  • ឈ្មោះក្រុមហ៊ុន
  • សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទ​ក្រុមហ៊ុន បើសិនជាឈ្មោះ​ក្រុមហ៊ុន​ពុំ​បញ្ជាក់ឲ្យបាន​ច្បាស់លាស់​ទេ។
  • ពាក្យ​ “ផែនការអាជិវកម្ម” ​(Business plan) ដើម្បី​បញ្ជាក់ពីប្រភេទ​ឯកសារ​របស់យើង។
  • ថ្ងៃ ខែ ឆ្នាំដែល​ផែនការ​ត្រូវបញ្ចប់​។ វាជាជំនួយការត្រួស ត្រាយឲ្យយើងសំរាប់​ដំណើរការការងារ។

មនុស្សទំនាក់ទំនាក់​សំខាន់ៗ (Key contact Person) ឫ ( Logo ) ឫ ( Graphic ) ដើម្បីឲ្យមាន​ការទាក់ទាញ ខ្លះៗ​លើអ្នកអាន​ក៏ដោយ ក៏យើងត្រូវទុក​នូវផ្នែកខ្លះឲ្យ​​ស្ថិត​នៅចំហ​គ្មានអក្សរដែរ។ ក្របមុខត្រូវតែស្អាតមិនជ្រីវ ជ្រួញ ហើយមានលក្ខណះស្វាគមន៍ អ្នកអាន​ឲ្យ​គេ​មាន​​​​ចេតនា ឫ អារម្មណ៍ចង់បើក​មើលទំព័រខាង​ក្នុងជាបន្ត​​បន្ទាប់ ដូច្នេះហើយយើងមិនត្រូវ​ចុះនូវពត៌មានច្រើនហួស​ហេតុ​នៅ​លើ​ក្របមុខ​នោះ​ទេ។

២.​ តារាងមតិកា (Contents)

គោលបំណងធំបំផុតនៃការនូវតារាងមតិកា (Table of Contents) គឺជាការជួយ​ដល់អ្នកអាន ឲ្យមាន​ការងាយ​ស្រួល​​ក្នុង​ការ​យល់​​នូវផ្នែក​​នីមួយៗ​នៃផែនការ​អាជីវកម្ម​របស់យើង។ ម្យ៉ាងវា​ផ្តល់​ឲ្យអ្នកនូវភាព​រហ័សក្នុងការអាន និង​​សែ្វងយល់អំពីអី្វដែល​បានសរ​សេរនៅ​ក្នុង​សៀវភៅ​​នេះ។​ មិនតែប៉ុណ្ណោះ វាក៏ផ្តល់នូវពាក្យ ឬ​​ឃ្លានាំមុខ​​ឬផើ្តម​សេចក្តីបន្តិចបន្តួច ដូច​ដែលប្រភេទ​នៃ​ព៌តមាន​​​ទាំង​នោះត្រូវ​ការ​​បញ្ជាក់​ផងដែរ។​ទោះ ជាយ៉ាង​​ណា​ក៏​ដោយ​​បញ្ហា​​សំខាន់បំផុត​គឺ​ថា​វា​ផ្តល់​នូវ​​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន។ ការប្រើប្រាស់​នូវ​តារាងមាតិកា​ ដោយអាស្រ័យ​ទៅលើសេ្ដរភាព​នៃការ​រៀបលំដាប់​នៃពាក្យ ឫ​ឃ្លា​គឺជា​វិធី​មួយ​ដ៏ល្អ​ប្រសើរបំផុត​​ក្នុង​ការរៀប​ចំ​នូ​វ​ផ្នែកៗ​​នៃ​​តារាង​​​មាតិការ​​មួយ​​​ក្នុងគំរោង​​អាជីវ​កម្ម​​របស់​យើង។​​ ចំណុច​​​សំ​​ខាន់​សំរាប់​​សំរាប់​​រៀបចំនូវ​​មាតិកាមួយមានដូចជាៈ

  • ពាក្យ​តារាង​មាតិកា (Table of content)​ ស្ថិតនៅខាងលើ​ទំព័របំផុត
  • ឈ្មោះផ្នែក ឬជំពូកនីមួយៗ
  • ទំព័រ ចំនួនទំព័រនីមួយៗ​ស្ថិត​នៅ។ វាផ្តល់​នូវភាពងាយស្រួយ​ដល់អ្នក​អានក្នុង​ស្វែង​​​​រ​ក​ឃើញ​​​​ផ្នែកនីមួយៗ​ស្ថិត​នៅ​ក​ន្លែង​ណា​នៃ​សៀវ​ភៅ​។

ប្រ​ការគួរ​ចៀសវាង គឺ​ការលំអិតនៃពត៌មាន​​​ជាច្រើននៅ​​​ក្នុងតារាង​​មាតិកា ដូចជា​​ការដាក់​ចំណង​ជើ​ង​តូចៗ​​ពេ​ក​​ជា​​​ដើម​។​​ ចំ​ណុច​គួរ​អោ​យ​​ចង​​ចាំ​គឺ​ថា​ តារាង​មាតិកា​មិនគួរោឲ្យ​លើសពី ២ ទំព័រ​ឡើយ។

៣. មូលសង្ខេប (Executive Summary)

មូលសង្ខេប(Executive Summary) គួរសរសេរ​ត្រឹម​ ១-២ ទំព័រឲ្យ​សមាមាត្រ​ទៅ​នឹងគំរោងអាជី​វកម្ម​របស់យើង គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ។ យើង​សង្ខេប​ តែវា​មិនមែន​ជាសេច​ក្តីផ្តើម​ទេ។​មូល​សង្ខេប(Executive Summary)​ប្រសិន​ជាយើង​សរសេរ​លើសពី ៣ ទំព័រ​ទៅ វា​លែងក្លាយទៅជា​មូលសង្ខប​ហើយ។​មូលសង្ខប​គួរ​តែ​មាន​អត្ថ​ន័យ​មួយ​ដោយ​ខ្លួ​ន​ឯង​ដា​ច់​​ដោយ​ឡែ​ក តែគ្រ​ប់​គ្រាន់។​ ទោះ​បី​ជា​វាសង្ខប​យ៉ាង​ណា​ក៏​ដោយ​ ក៏​វាត្រូវ​ការពិ​ពណ៌​នា​ខ្លីៗ​ខ្លះ​ៗដែរពីផែន​ការ​របស់​យើង។

នៅក្នុង​មូលសង្ខេប អ្នកអានអាច​យល់​ងាយ​ស្រួល ដោយ​សារ​យើង​ដកស្រង់​យក​ផ្នែក​សំខាន់ៗខ្លះៗ តែ​មិន​ទាំង​អស់ទេ មក​រាប់បញ្ចូល​ដោយ​​មាន​ប្រើចំណុចត្រេ រឺពង ត្រីជា​ជំនួយ។ ទោះបីជាយ៉ាងនាក៏ មូលហេតុ​សសង្ខេប​គួរតែ​អធិប្បាយ​ត្រួស​ពីដំនើរ​រឿង​​ដោយ​សង្ខេប​​ខ្លីតែ​មិនមែន​​ជាការដាក់​​រូបភាព​ឲ្យអ្នកអាន​មើលនោះ​ទេ។

បើសិន​ជា​យើងមាន​ផែនការ​ក្នុង​ការ​បញ្ជូននូវផែន​ការ​អាជីវកម្មរបស់យើង​​ទៅ​ការ​ស្វែង​រក​ប្រភពផ្តល់​ធបធាន​ហិរញ្ញ​​វត្ថុ​នៅ​ខាង​ក្រៅ គួរ​តែប​ញ្ជូន​​ត្រឹមមូល​សង្ខេប​(Executive Summary) ទោ​មុន​សិន ដើម្បីស្ទង់​មើល​ពី​ការ​ចាប់​អារម្មណ៍​​​​របស់​​គេលើ​អាជីវ​​កម្ម​របស់​យើង​ កាល​បើ​អ្នក​​ទទួល​សំរេច​ចិត្តថា ប្រហែល​​ជាគេនឹង​អាច​ផ្តល់​ធន​ធាន​​មក​ឲ្យ​យើង​​នោះទើប​បញ្ជូន​ផែន​ការ​​អាជីវ​កម្ម​ទាំង​មូល​​ទៅ​តែម្តង។ យើង​​ត្រូវ​ចេះ​ប្រើ​ប្រាស់​មូល​សង្ខេប​ ​(Executive Summary)​​ ជាគុណ​ប្រយោជន៍​មួយក្នុង​ការ​សន្សំ​សំចៃ​ថវិការ។​

៤.ការវិ​ភាគទីផ្សារ (Market Analysis)

យើងសន្មត់​តាំងពីដើម​ដំបូង​ថាអ្នក​​​ដែ​ល​​អា​ន​​ផែន​​ការ​របស់​យើង គឺ​បុគ្គលិក​របស់​យើង​ ធនាគារិក អ្នក​វិនិយោគ ដែល​គេមិន​បាន​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ដឹង​​អ្វី​សោះអំ​ពី​អាជីវ​កម្ម​របស់​យើង ឬពី​គោលដៅ​ទីផ្សារ​របស់យើង។​ យើង​ទាមទារចាំបាច់​ក្នុង​ការ​ផល់ និង​ការ​ពន្យល់​ទៅ​គេ​ឲ្យ​គេបាន​យល់​ច្បាស់​ពី​អាជីវ​កម្ម​របស់យើង​។​ បណ្តា​ពត៌​មានចាំបាច់​ដែល​យើង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​​នោះ​ដូចជា ៖

  • តើ​អាជីវកម្ម​របស់​យើងមាន​ទំហំ​ប៉ុណ្ណា?
  • តើ​អត្រា​កំនើនអាជីវកម្ម​របស់​យើង​គឺអ្វី?
  • តើ​អ្វី​ជាស្តង់​ដារ​កំរិត​ចំណេញ(Standard Profit margin)?
  • តើ​អ្វី​ជាស្តង់​ដារ​នៃបណ្តាញ​ចែក​ចាយ​ផលិត​ផល?
  • ត់​ផលិត​ផល​រប​ស់​យើង​ដូច​ក្នុង​ទី​ផ្សារ​បាន​ប៉ុន្មាន​ភាគរយ?
  • ទិន្ន័យ​ និង​ការ​ទស្សន៍ទាយនៃ​ការ​លក់។ល។

ក្រោយពេលផ្តល់នូវ​ទស្សនះដ៏ទូទំ​ទាយ​នៃ​អាជីវកម្ម​របស់យើង​ហើយបន្ទាប់មក​ត្រូវ​​បញ្ជាក់​ឲ្យ​ជាក់លាក់​អំ​ពីស្ថានភាព​ភូមិសាស្រ្ត​របស់​យើង​​ទីផ្សារ​​​របស់យើង​។ ជាមួយគ្នា​​និង​ទំហំទីផ្សារ និង​អាត្រាកំណើន យើង​គួរ​អធិប្បាយ​អំពីមធ្យោបាយ​ដែល​យើង​ស្វែង​រក​​ជ័យជំនះ​ដោយ​​​ផ្តល់នូវ​​តំ​រូវ​ការ និង​និន្នាការទីផ្សារ។ ចំពោះ​ក្រុម​ហ៊ុន​​ដែល​និង​ធ្វើ​អាជី​វ​ក​ម្ម​​ជា​ល​ក្ខ​ណះ​​ជា​តិ និង​អន្ត​ជាតិយើង​មិន​ត្រូវ​​​ចំណាយ​ពេល​​ក្នុង​​ការ​វិភាគ​ទីផ្សារ​​និមួយៗ​នៅ​ក្នុង​ប្រទេស​របស់យើង​​​នៅ​​​ពេល​​ប​ច្ចុប្បន្ន​នោះ​​ទេ​​​ទោះបីយ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​យើងមាន​បំណង​ផ្តោត​ទៅ​លើ​ទីក្រុង​ណា​មួយ ឬតំបន់​ណាមួយ​ជាក់លាក់ យើងអាចធ្វើការ​វាយ​តំលៃដោយម៉ត់​ចត់។

៥. ​ការ​ពណ៌នា​ខ្លីៗពីអាជីវ​កម្ម (Business Overview) នៅក្នុង​ផ្នែក​នេះយើង​អធិប្បាយ​យ៉ាង​សង្ខេប​នូវ​ពត៌មាន​ចាំបាច់​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖
  • ផលិត​ផល ឬសេវា​ដែល​យើង​និង​លក់
  • រយះ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ដំណើរការ
  • ប្រទេស​របស់​ក្រុម​ហ៊ុន
  • អ្នក​ខ្លះ​ជាម្ចាស់​ក្រុម​ហ៊ុន
  • គោល​បំណង​រយះពេល​វែង និង​រយះពេលខ្លី​នៃអាជីវកម្ម

ប្រសិនជាយើង​មាន​បំណង​ស្វែង​រក​ថវិការ យើង​គួរតែពន្យល់បន្ថែមថា ហេតុ​អ្វី​បាន​ជាយើង​ត្រូវ​ការ​ថវិការ​នោះ​នៅពេល​ឥឡូវ (ដូចជា​ការ​ពង្រីក​ក្រុមហ៊ុនការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ស្វែងរក​ទីផ្សារ កំរៃបុគ្គលិក ការ​ទិញ​គ្រឿងបរិក្ខារ រឺ​ការ​រំលោះ​បំណុល)។

៦ .ការពណ៌នាអំពីផលិតផល ឬសេវា (Production Service Description)

យើង​ត្រូវ​តែដឹង​ច្បាប់ថា អ្នក​ដែលអាន​ផែន​ការ​អាជី​វកម្មរបស់​យើង​​ហាក់​បីដូចជាមាន​​ក្រុម​ហ៊ុន​​របស់​យើងនៅ​ក្នុង​ដៃ​​​​គូរ​របស់គេ ដែល​ក្រុម​ហ៊ុន​របស់​យើង​ និង​​លក់អ្វីនោះ ​យើង​ទាមទារនូវ​ពេលវេលា​ដើម្បីផ្តល់​ឲ្យ​គេដឹង​ពី​ផលិត​ផល និង​សេវា​របស់​យើង​។ ចំពោះ​អាជីវកម្ម​មួយ​ចំនួន​ កិច្ចការ​​នេះជា​ការ​ងារ​សាមញ្ញបំផុត ដូច​ជាការចាប់​ផ្តើម​បើក​អាជីវកម្ម​ភោជ្ជនីយ​ដ្ឋានជាដើម ប៉ុន្តែ​បើសិន​​អាជីវកម្ម​​ដែល​ផ្តោត​ទៅ​លើ​បច្ចេក​ទេស​វិញ វាជាលក្ខណៈពិសេសមួយ​ដែល​ទាម​ទារនូវ​ការ​បក​ស្រាយ​​ពន្យល់​អោយ​បាន​ច្បាស់ថា​ តើ​ផលិត​ផល​សេវា​នោះនឹង​ប្រ​ពឹត្តទៅ​យ៉ាង​ដូច​ម្ដេច ហើយហេតុ​អ្វី​បាន​ជា អតិជន​ទិញ​ផលិតផល​ និង​សេវានោះ ដែល​ការ​ងារ​នេះ​ត្រូវ​ចំណាយ​ 3-4 ទំព័រ​​ ក្នុង​ការសរសេរ​ពន្យល់​។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ការ​រៀប​រាប់​លំអិត​​ច្រើន​ពេក​ អាច​ធ្វើ​អោយ​ផែន​ការ​របស់​យើង​មាន​លក្ខណៈ​គួរ​ឲ្យ​ធន់ទ្រាន់​នឹង​អាន។ យើង​ត្រូវ​ប្រើប្រាស់ពត៌មាន​ផលិត​ផល​​ (Production Literature) ដូច​ដែល​បាន​អធិប្បាយ​នៅ​ក្នុង​សេចក្ដី​បន្ថែម​(Appendix) ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ការ​អធិ​ប្បាយ​របស់​យើង​មាន​លក្ខណៈខ្លី​សម​រម្យ។ ផ្ដោតទៅ​លើអធិប្បាយ​អំពី​គុណប្រយោជន៍នៃ​ផលិត​ផល និង​សេវា​របស់​យើង​គឺជាការ​សំខាន់ដែល​​អ្នក​អាន​​អាច​​យល់​បានយ៉ាង​ច្បាស់​ថា តើ​យើង​ចង់​បាន​អ្វី។ យើង​ត្រូវ​យល់​ច្បាស់​ថា ក្រាភិច​ហើយ​និង​ដ្យាក្រាម អាច​ជួយ​ពន្យល់ពីផលិត​ផល​ និង​សេវា​របស់​យើង​ឲ្យ​កាន់តែ​ច្បាស់។ ប៉ុន្តែយើង​ក៏ត្រូវ​ចង​ចាំដែរ​ថា​ ថ្វីត្បិត​តែដ្យាក្រាម​ ឬក្រាភិច​ទាំង​នោះជួយ​វាឲ្យបាន​ស្អាតសមរម្យ ហើយ​មិន​ត្រូវឲ្យដ្យាក្រាម​ ក្រាម​ភិចណាមួយឆ្លងទៅ​ទំព័រផ្សេង​ឡើយ។ផែនការ​អារជី​វកម្ម​ដែល​អាក្រក់​បំផុត គឺជា​ផែន​ការ​ដែល​​ពោរពេញទៅ​ដោយ​ការ​ននិយាយ​ស្ដាប់​មិន​បាន ការ​និយាយ​ច្របូក​ច្រ​បល់​ ឬដដែលៗ ក៏​ទិន្ន​ន័យ​បច្ចេក​ទេសច្រើន​ហួស​ហេតុ។ វាមិន​​ត្រឹមធ្វើ​ឲ្យអ្នក​អាន​មិនយល់​នូ​​​វ​អ្វីដែលបាន​សរសេររៀប​រាប់ ប៉ុន្ដែវាថែម​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ទៅលើ​មុខ​ងារ ឬតួ​នា​ទី​ទាំង​នោះផង​ដែរ​ ជាពិសេសនោះគឺគេមិន​យល់ពីគុណប្រ​យោជន៍តែ​ម្ដង។ ​ឧទាហរណ៍ រថយន្តមួយអាចបើកបានល្បឿនលើស​​ពី២០០​ គីឡូម៉ែតក្នុងមួយម៉ោងដោយ​ប្រើប្រាស់ប្រេងដ៏​ល្អ​ ។​ រថយន្តមួយផ្សេងទៀតអាច​ធ្វើ ដំនើរឆ្លងកាត់ប្រទេសមួយបាន​​យ៉ាង​ងាយ​ស្រួល ។​​ ដូចច្នេះគេមានការ​ចាប់អារម្មណ៍រថយន្តទី​២ ជាង​រថយន្តទី១ ។

៧.​ ការគ្រប់គ្រង និង ការជ្រើសរើសបុគ្គលិក (Management & Staffing)

ក្រោយពីបានអធិបាយពីគំរោងនៃអាជីវកម្មរួចមក យើងត្រូវកំណត់ថា តើអ្នកណាដែល​ជាអ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​នូវ​​គំរោងនេះ ។ ជាដំបូងយើងនិងមានបំនងចង់សរសេរនូវ​ការសង្ខេប​ខ្លីៗ ២-៣ ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់​របស់​យើង (Top Manager)​ ដោយលំអិតនូវជំនាញ ព្រមទាំងសាវតារបស់ពួកគេ ។ យើងត្រូវមានជំនឿជឿជាក់ថា គឺអ្នកវិនិយោគ​ជា​អ្នក​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​អាជីវកម្មដឲរបស់​យើងបានទទួលជោគជ័យ ។ យើង​ក៏ត្រូវ​អត្ថាធិប្បាយ​ពីតូនាទី ព្រមទាំងការ​ទទួល​ខុសត្រូវ​លើការងារ​​​របស់ពួគ​គេផង​ដែរ នៅក្នុងការផ្សងព្រេងថ្មីៗនេះ ដែលជាក្ដីសង្ឃឹម​យ៉ាងម៉ត់ចត់​​ជាមួយ​នឹង​បទពិសោធន៍​​របស់គេកន្លងមក ។​ ក្នុងនោះ​​យើង​​​ក៏​គួបញ្ចូល​​​នូវ​រចនា​សម្ព័ន្ធ​បុគ្គលិក និង ការងារ​ព្រមទាំង​​អធិប្បាយពីផែនការរបស់យើង ក្នុងការ​ដាក់​បន្ថែម​​នូវបុគ្គលិក​បន្ថែមសំរាប់​ធ្វើការ​ម៉ោងបន្ថែម (Over time) ផង។

ពេលខ្លះជោគជ័យនៃផែនការរបស់យើង អាស្រ័យទៅ​លើផ្នែក​នេះផងដែរ ។ សំរាប់​អ្នកវិនិ​យោគ​ខ្លះ រឿង​នេះ​មិន​ច្រើន​ទេដែល​ដំណើរ​ការ​​អាជីវកម្ម​​នឹងដំណើរ​​ទៅបាន។ ប៉ុន្តែក្រុមការងារផ្នែក​ការងារ​ផ្នែកគ្រប់គ្រង វាមានភាព​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វាឲ្យ​សំរេច ។ យើងត្រូវ​មាន​ទំនុកចិត្ត​គ្រប់​គ្រង​ក្នុងខ្លួន ក្នុងការពន្យល់​យ៉ាងណា​ឲ្យបានច្បាស់​ថា ហេតុអ្វីបាន​ជាក្រុម​ការងារ​របស់​យើង​មានភ័ព្វ​​សំណាង​​ដែល​ធ្វើ​ឲ្យ​​អាជីវកម្ម​​ទទួលបានជោគជ័យ ។

៨.​ ផែនការទីផ្សារ (Marketing Plan)

ផ្នែកនេះ គឺជាផ្នែកមួយយ៉ាង​សំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការ​អាជិវកម្មរបស់យើង ព្រោះ​ថា​ជំនួញ​​​ជាច្រើន​បាន​ដួលរលំចុះ​ ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ ​(Poor Marketing)​។ ក្នុងការ​ធ្វើផែនការទីផ្សារ យើងមិន​ត្រូវភ្លចទេ​​ក្នុងការលំអិត​នូវធាតុ P​ សំខាន់ទាំង៤នៃ Marketing (រឺក៏ 3P &​ C) គឺផលិតផល​( Production )​​ តំលៃ​(Price) ទីផ្សារ​​ចែកចាយ ​(Place of distribution) និង ការផ្សព្វផ្សាយ (Promotion/Communication)។ ក្រោយ​ពេលផលិត រឺការ​បង្កើត​នូវ​​ផលិតផល រឺសេវាកម្មរបស់យើង ត្រូវពន្យល់​ណែនាំ​ពីការ​កំណត់តំលៃនៃផលិតផល រឺ សេវាកម្មរបស់យើង តើយើង​កំណត់​តំលៃ​ដោយ​​​របៀបណា និងយ៉ាងដូច​ម្ដេច​នូវពេល​ផលិតផល​​ក្រុមហ៊ុន​ដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើង​មាន​គុណ​ប្រយោជន៍​អ្វីខ្លះ ក្នុងការ ប្រកួតប្រជែង​ជាមូយគូរប្រកួតរបស់យើង​? បើសិន​ជា​មាន ត្រូវពន្យល់​ពីវិធីដែល​អាចឲ្យយើង​ចំនេញ​នូវចំនែកទីផ្សារ (Market Share)​ ពីលើគូរ​ប្រជែងរបស់យើង។ យើងក៏ត្រូវ​ពន្យល់​ដែរថា តើមនុស្សមួយ​ចំនួនដែល​មានបំណង​ចង់​ដាក់​ភាគហ៊ុន​ចូល​ក្នុង​អាជីវកម្ម​​របស់យើង តើគេអាច​ចូល​រកស៊ី​ជាមួយយើងយ៉ាង​ដូចម្ដេច? តើយើងលក់ភាគហ៊ុន​តាមរយៈ​សំបុត្រ?​ រឺមូយ​តាម​ប្រព័ន្ធ​អ៊ីនធើណេត?​​ រឺ​ក៏ជួប​​ផ្ទាល់ជាមួយ​បុគ្គលិកទាំងនោះ? រឺក៏ Retail outlets? ហើយ​បន្ទាប់​មក​​យើងពន្យល់​លំអិត​នូវ​ប្រភេទ​​នៃ​វិធីសាស្ត្រ​ក្នុង​​ការ​ស្វែងរក​ទីផ្សារ ដែល​ផែនការ​របស់​យើង​ប្រើប្រាស់​​ក្នុងការ​​ផ្សព្វផ្សាយ​​អាជីវកម្ម​ព្រម​ទាំង​ផលិតផល​របស់​យើង។

៩. ផែនការដំណើរការអាជីវកម្ម (Operation Plan)

ផ្នែកនេះជាផ្នែកដែលសំខាន់បំផុត នូវក្នុងការដំនើរការសហគ្រាស ដែលមានគ្រឿងបរិក្ខាផ្សេងៗ​គ្នាជា​ច្រើន​ព្រម​ទាំង​​ដំណើរ​ការ​ដែល​ត្រូវការអធិប្បាយ​ជាចាំបាច់។ ចំពោះអាជីវកម្មខាង​សេវាកម្មវិញត្រូវអធិប្បាយដែរ​ថា តើ​អា​ជី​វកម្ម​របស់​យើង​និង​ដឹណើរ​​ការ​យ៉ាង​ដូច​ម្ដេច​?​ តើ​ក្នុង​អាជីវកម្ម​​របស់​យើង​មាន​​ប៉ុន្មាន​ផ្នែក​? ហើយ​យើង​នឹង​ចំណាយ​​ប៉ុន្មាន​ទៅ​លើ​ផ្នែក​និមួយៗ​នោះ ព្រម​ទាំង​​​មធ្យោបាយ​​បែប​ណា ដែល​យើង​និង​ចំណាយ​ដោយ​ការ​ជួល (Hiring ) ទិញ​គ្រឿង​​បរិក្ខារ (Buying Equipment) ការ​ផ្លាស់ប្ដូរ​ទីកន្លែង ​(Moving Location), Outsourcing Production, ។ល។​ បើ​សិន​ជាយើង​មានការ​ជឿ​ជាក់ទៅលើ​គឿង​បរិ​ក្ខា​ណាមួយ​ជាក់​ជាក់ ដែល​អាច​បង្កើត​ការ​ងារ​របស់​យើង​បាន​នោះ​យើង​ត្រូវ​ធ្វើ​តារាង​​រាយ​ឈ្មោះ​នូវ​គ្រឿងបរិក្ខារទាំង​ ហើយធ្វើការ​អធិប្បាយវា​ឲ្យ​បាន​លំអិត​ផង​ តើ​វា​មាន​តួនាទីអី្វខ្លះ និង​តួនាទីធ្វើអ្វី​បាន​ខ្លះ?

១០.ផែន​ការ​ហិរញ្ញ​វត្ថុ (Financial Plan)

ចាប់​ផ្ដើម​នេះ​ជាមួយ​នឹង​តំរូវការហិ​រញ្ញវត្ថុ​ដែល​ប្រាប់​អ្នក​អាន​​ ឲ្យ​បាន​ដឹង​អំពី​ចំនួន​ទឹក​ប្រាប់​សរុបដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវ​កម្ម។ ក្រោយ​ពេល​ផ្ដល់​នូវចំនួន​ទឹក​ប្រាក់នោះ​រួច​មកយើង​ត្រូវ​ពន្យល់ថា តើយើងយកវា​ទៅប្រើប្រាស់ដូច​ម្តេច ដូច​ជាការ​ប្រើប្រាស់​សំរាប់​ស្វែង​រក​ទីផ្សារ​កំរៃពលកម្មការងារ ការ​ជួលទីកន្លែង​​ ការ​ទិញគឿង​បរិក្ខារ ព្រម​ទាំង​ហេតុ​ផល​ដែល​ត្រូវចំនាយ​វាថែមទៀត។ ពត៌មាន​បន្ទាប់​មក​ទៀត​​​ដែល​ផ្ដល់ឲ្យនៅ​ទីនេះ​ គឺសាវ​តា​របាយ​ការណ៍ហិរញ្ញវត្ដុ (historical Financial Statement)។​ បើសិន​ជាក្រុមហ៊ុន​របស់​យើង​បានដំណើរ​ការ​ជាង​មួយ​ឆ្នាំមក​ហើយ យើង​ត្រូវ​បញ្ជូលនូវ​តារាង​តុល្យការ​​ (Balance Sheet) ព្រម​ទាំង​លំហួរបេឡា (Cash Flow) ជារៀង​រាល់ខែផង។

១១. សេចក្ដីបន្ថែម (Appendix)

ផ្នែកនេះគួរត្រូវបានប្រើប្រាស់​សម្រាប់ជាពត៌មាន​ដ៏សំខាន់ចាំបាច់​មួយចំនួន ដែលមិនចាំបាច់​​ដាក់​នៅក្នុង​ផ្នែក​តួ​សេចក្ដី​​​នៃ​​ផែនការ​ទេ។ ឩទាហរណ៌ដូចជាការសង្ខប​នៃកិច្ចសន្យាដែលយើងបាន​ធ្វើ​ជាមួយក្រុមហ៊ុនដ៏ទៃ ព្រមទាំងមាត្រា រឺចំនុច​ទាំង​ឡាយ​​​ណា​​ដែល​អាច​ជួយ​យើង​ពេល​ត្រូវការពត៌មាន​ ប្លង់នៃគំរោង​ទីកន្លែងអាជីវកម្ម ប្រវត្តិរូបសង្ខេប​នៃអ្នកដឹកនាំសំខាន់ៗ ឬ ក៏​ការ​លើក​ឡើង​​​នៃការ​ស្វែង​រក​​ទីផ្សារ​ជាដើម ។


ដក​ស្រង់​ពី​សៀវភៅ "ផែន​ការ​អាជីវកម្ម"

ការវិភាគ SWOT សំរាប់​ប្រទេស​កម្ពុជា​

គេ​ឃើញមាន​​វិធី​​ជា​ច្រើន​ក្នុង​ការ​វាយ​តំលៃ​ប្រទេស​មួយ​។ វិធី​ដ៏​មាន​ប្រជាប្រិយ​មួយ គឺ​ការ​​វិភាគ SWOT (Strength Weakness Opportunity Treat) ជា​ការ​រាយ​បញ្ជីចំនុច​ខ្លាំង​ ចំនុច​ខ្សោយ​ កាលានុវត្តភាព និង ការគម្រាម ​ដែល​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ និង សង្គម។ ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​វិភាគ​ SWOT សំរាប់​ប្រទេស​កម្ពុជា​៖

ចំណុច​ខ្លាំង៖

- ប្រទេស​ជិត​ខាង​ដែល​ធ្វើ​សកលភាវូនីយ​កម្ម​។

- សង្គម​ប្រជាធិបតេយ្យ​កំពុង​តែ​ងើប​ឡើង។ វិស័យ​​ក្រៅ​រដ្ឋាភិបាល​ដ៏​សម្បូរ​បែប​ដែល​ផ្ដល់​សេវាកម្ម​ចាំបាច់​។ វិមជ្ឈការ​ និង ការ​ចូលរួម​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​កម្រិត​ ឃុំ-​សង្កាត់​ ហើយ សារពត៌មាន​ដ៏សកម្ម​បាន​បង្កើន​ឳកាស​សំរាប់​ការ​ពិភ្សា​ និង ការ​បញ្ចេញ​មតិ​។ - ការទទួល​យក​ និង ការ​ទទួល​ស្គាល់​អន្តរជាតិ​។ - អត្តសញ្ញាណជាតិ​មាំ​មួន។ - ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច បាន​ជួយ​បង្កើន​ស្ថេរភាព។

ចំណុចខ្សោយ៖

- ស្ថាប័នរដ្ឋ​ចំណាយ​ច្រើន និង មាន​បុគ្គលិក​ច្រើន​ពេក ដែល​រួម​ចំណែក​ដល់​ចំណាយ​ខ្ពស់​ និង​មាន​លក្ខណៈ​អន់​ខ្សោយ​ក្នុង​ការគ្រប់​គ្រង​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​សកល។​

- ភាព​ក្រី​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ ប៉ុន្តែ​កម្រិត​ភាព​ក្រី​ក្រ​នៅ​​តែ​មាន​កំ​រិត​ខ្ពស់ ហើយ​តំបន់​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពក្រីក្រ​វិញ។​ - ថាមពល​មាន​តម្លៃខ្ពស់ និង មិន​មាន​នៅ​តាមទី​ជនបទឡើយ​។ - កម្មសិទ្ធិ​ដីធ្លី​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាពភាព​ប្រមូល​ផ្ដុំ​យ៉ាង​មាន​គ្រោះថ្នាក់ និង​យ៉ាង​ច្រើន​។ - សេដ្ឋកិច្ច​ចំណាយ​ខ្ពស់ និង​មិន​ប្រកួត​ប្រជែង​។

កាលានុវត្តភាព៖

- ចំណូល​ប្រេង​កាត​នាពេល​អនាគត​ទំនង​ជា​មាន​ទំហំ​ធំ ហើយ​ចំណូល​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កសាង​រដ្ឋទំនើបមួយ កិច្ចសន្យា​សង្គម​កិច្ច​ថ្មី​មួយ​រវាង​រដ្ឋ និង​ប្រជាជន​ និង​ស្ថាប័ន​ដែល​អាច​ជំរុញ​សមា​ហរណកម្ម​សកល​លោក​។

- សញ្ញាគួរឲ្យ​មាន​សង្ឃឹម​នៃ​ការ​លេចឡើង​នៃ​វិស័យ​ឯកជន​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។ - មាន​សក្ដានុពល​សំរាប់​ទាក់ទាញ​វិនិយោគ​បរទេស​បាន​ច្រើន​។ - ឳកាស​ក្នុង​បង្កើត​សេដ្ឋកិច្ច​ជន​បទ​មួយ​ប្រកប​ដោយ​ជវ​ភាព និង ស្ថេរភាព។ - កំណើន​នៃ​ការ​គោរព​ច្បាប់​ នឹង​កាត់​បន្ថយ​អសន្តិ​សុខ​របស់​កសិករ​ និង​វិនិយោគិន​ដោយ​កាត់​បន្ថយ​ឥរិយាបថ​មិន​អាច​​ព្យាករណ៍បាន​របស់​រដ្ឋ​។

ការគម្រាម​៖

- បណ្ដាសា​ធនធាន​ រឺ បណ្ដាសា​ប្រេង​កាត

- បរាជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មួយ ប្រកប​ដោយ​ការ​ប្រ​កួត​ប្រ​ជែង​។ ការ​បូក​បញ្ចូល​គ្នា​នូវ​ការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​ដ៏​យឺត​ ហិរញ្ញ​វត្ថុ​សារធាណៈ និង ការ​អប់រំ​ទន់ខ្សោយ​ និង​ការ​មិន​សូវ​គោរព​ នឹង​នាំឲ្យ​មាន​កំណើន​យឺត​ និង​​កំណើន​គ្មាន​សីលធម៌។ - បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គម្រាម​ចំពោះ​សុខ​ភាព​សារធារណៈ​ និង សុខភាព​សកល​លោក​។ ដក​ស្រង់​ពី ឯកសារ កម្មវីធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ សហការជាមួយ​ ឧត្ដម​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​